(ព្រះវិហារ)៖ រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបើកយុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែត តាមពាងទឹក អាងទឹក ក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យកើតមុសខ្លា ដែលជាប្រភពចម្លងនៃជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា សព្វថ្ងៃនេះក្រៅពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលដែលរដូវវស្សាចូលមកដល់ បណ្តាលឲ្យមានភ្លៀងធ្លាក់ផងនោះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំផែនការទប់ស្កាត់ការរីករាលដាលជំងឺ២ប្រភេទ ដែលបង្ករឡើងដោយសារសត្វមុស ហើយទឹកភ្លៀងជាកត្តាដែលនាំមានទឹកដក់តាមថ្លុកត្រពាំង និងតាមកំប៉ុងផ្សេងៗ ដែលធ្វើឲ្យសត្វមុសអាចបង្ករកំណើតបាន បង្ករជាជំងឺគ្រុនចាញ់ គ្រុនឈាម។

លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ជំងឺគ្រុនឈាម មន្ទីរសុខភិបាលខេត្ត បានធ្វើផែនការចុះដាក់ថ្នាំអាល់ប៊ែតតាមពាងទឹក អាងទឹក របស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ និងធ្វើការអប់រំ សុខភាពទាក់ទងការបង្ការ ការចម្លងជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋទូទាំងខេត្ត។ មន្ទីរសុខភិបាលកំពុងតាមដានទិន្ននយ័ជំងឺគ្រុនឈាមយ៉ាងយកចិត្តទុកដាក់បំផុត។

លោក គួង ឡូ បានឲ្យដឹងទៀតថា មកដល់ពេលនេះមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះដាក់ថ្នាំអាល់ប៊ែតតាមពាងទឹក អាងទឹក របស់ប្រជាពលរដ្ឋបានចំនួន៩ភូមិ ស្ថិតក្នុងក្រុងព្រះវិហារ ហើយមន្ទីរមានទិសដៅនឹងបន្តការចុះដាក់ថ្នាំអាល់ប៊ែតនៅតាមភូមិទូទាំងខេត្ត ចាប់ពីខែកក្កដា សីហានិងខែកញ្ញាខាងមុខនេះបន្តទៀត។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាមយ័ បរិស្ថានក្នុងការរស់នៅឲ្យបានល្អ ដោយធ្វើការសម្អាតជុំវិញផ្ទះមានស្មៅ ព្រៃ និងជីកកប់សំបកកំប៉ុងចាស់ៗដែលដក់ទឹក ដែលជាប្រភពបង្ករអោយកើតមុសខ្លា។ ម្យ៉ាងវិញទៀត ត្រូវដេកដាក់មុងជានិច្ច ដើម្បីការពារពីជំងឺគ្រុនចាញ់ គ្រុនឈាម ជាពិសេសត្រូវបន្តរក្សាអនាម័យ ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ផងដែរ៕