(ភ្នំពេញ)៖ សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញឲ្យឃើញ នូវសន្ទុះនៃការចិញ្ចឹមសត្វជ្រូករបស់ប្រជាកសិករ និងក្រុមហ៊ុនចិញ្ចឹមជ្រូក ក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលកាត់បន្ថយការនាំចូលជ្រូកពីបរទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរសៀលថ្ងៃនេះបានឲ្យដឹងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងសកលលោក និងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ ដែលអាចបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាព ស្បៀងអាហាររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្តល់អនុសាសន៍ណែនាំ ដោយបានស្នើឱ្យមានការកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្ថែម ចិញ្ចឹមត្រី និងចិញ្ចឹមសត្វជាដើម។

សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា បានបញ្ជាក់ទៀតថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេស ធ្វើឱ្យកសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ធ្វើឱ្យអ្នកចិញ្ចឹមសត្វមានទឹកចិត្តចិញ្ចឹមសត្វឡើងវិញ ដោយសារតម្លៃជ្រូករស់កើនខ្ពស់ឡើងវិញ»

ដោយសារតម្លៃជ្រូករស់កើនខ្ពស់ឡើងវិញនេះ ធ្វើឱ្យផលិតផលដែលកសិករចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបាន បង្កើតការងារជូនប្រជាជន និងកាត់បន្ថយចំណាកស្រុកជាដើម។

សមាគមអ្នកចិញ្ចឹមសត្វបានបញ្ជាក់ថា បច្ចុប្បន្នេះតម្លៃជ្រូករស់មានតម្លៃចាប់ពី១៣,២០០រៀល ទៅ១៤,២០០រៀល ក្នុងមួយគីឡូក្រាម ដោយមើលឃើញនូវបញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើកុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឱ្យផលប៉ះពាល់ដល់អ្នកបរិភោគ។

តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅត្រឹម១២,០០០រៀល ក្នុងមួយគីឡូក្រាមនៅសប្តាហ៍ក្រោយ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ជាក់ឲ្យដឹងថា នៅរយៈពេល៥ខែដើមឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើត ក៏សិដ្ឋានតែចំនួន១០កន្លែងប៉ុណ្ណោះ។ រីឯការនាំចូលមេជ្រូកពូជមានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាលនាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩។

លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន៕