(កំពង់ធំ)៖ នៅក្នុងឱកាសដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៍ ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន១០គ្រួសារ នៅភូមិនាងណយ ឃុំជំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោក ណែត សារី អភិបាលស្រុកស្ទោង បានលើកឡើងថាកិច្ចការមនុស្សធម៍ជាកម្លាំងចលករដ៏មាន សក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីបានលើកយ៉ាងដូចនេះលោក ណែត សារី បានផ្តាំសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ជូនដល់ពលរដ្ឋដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ ពលរដ្ឋទីទ័លក្រ ពិសេសក្នុងពេលដែលមានជំងឺ Covid-១៩នេះ។
លោកបានបន្តថា ថ្វីដ្បិតតែអំណោយនេះមានចំនួនតិចតួចក្តី តែវាពិតជាជួយដោះបន្ទុកជីវភាពបងប្អូនបានមួយកម្រិត ហើយសូមបងប្អូនទាំងអស់គ្នាខិតខំប្រករបធ្វើស្រែចម្ការឱ្យបានទាន់ដើម រដូវវស្សា និងបានស្នើសូមឲ្យបងប្អូនទាំងអស់គ្នា រស់នៅប្រកបដោយអនាម័យជំរុញឱ្យកូនចៅខិតខំរៀនសូត្រតាមផ្ទះ នាំគ្នាគោរពច្បាប់ចរាចរណ៍ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ Covid-១៩។
លោក ណែត សារី ក៏បានសំណូមពរសារជាថ្មីដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍ ភូមិ-ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវត្រីពង និងឱ្យប្រជាពលរដ្ឋទូទៅការពារកូនចៅ កុំឱ្យកើតជំងឺគ្រុនឈាម ព្រមទាំងប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់នៅរដូវវស្សានេះ។
សូមបញ្ជាក់ថា អំណោយដែលពលរដ្ឋទទួលបានពីការឧបត្ថម្ភរបស់លោក ណែត សារី និងភរិយា ព្រមទាំងលោក អ៊ុ គីមឡុងស្រូរ និងលោកស្រី ហោ យ៉េ នៅខេត្ត សៀមរាប ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម, ប៊ីចេង ០.៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, អំបិល២គីឡូក្រាម, ទឹកសុទ្ធ១យួរ និងថវិកា១០ម៉ឺនរៀល៕