(កំពង់ធំ)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសលួចជ័រកៅស៊ូ និងទទួលផលចោរកម្មដោយឃាត់ខ្លួនមនុស្សចំនួន២នាក់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងល្វា បានបង្ក្រាបទីតាំងទទួលទិញជ័រកៅស៊ូ ដែលកម្មករក្រុមហ៊ុន «ភឿវ៉ាកំពង់ធំអភិវឌ្ឍកៅស៊ូ» លួចយកពីក្រុមហ៊ុនមកលក់ ស្ថិតនៅចំណុចភ្នំរាំង ក្នុងភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានរួមមាន៖
*ទី១៖ ឈ្មោះ អឿ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្នាក់នៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក (អ្នកបើកបររថយន្ត)
*ទី២៖ ឈ្មោះ មុត ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្រែមាន ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្នាក់នៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ (ជាអ្នកទទួលទិញ) ចំណែកជនសង្ស័យដែលជាអ្នកលួចយកមកលក់បានរត់គេចខ្លួន។
វត្ថុតាងរឹបអូសបានរួមមាន៖ រថយន្តកូរ៉េ ២តោនកន្លះ ចំនួន ០២គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង,ជញ្ជីងថ្លឹងកៅស៊ូ ០១, កញ្ឆេ០២ និងជ័រកៅស៊ូបង្កកទម្ងន់១០,៥៩០គីឡូក្រាម។
សមត្ថកិច្ចបានបន្តថា ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ធំ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្តនីតិវិធីច្បាប់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច នៅពេលដែលជួបប្រទះអំពើល្មើសច្បាប់នានា សូមបងប្អូនរួសរ៉ាន់រាយការណ៍មកសមត្ថកិច្ចជំនាញ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានបង្ក្រាបបានទាន់ពេលវេលា៕