(ភ្នំពេញ)៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរតាមទូរស័ព្ទដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសចាប់បើកដំណើរការយុទ្ធនាការកម្មវីធី GrabProtect ដែលជាគោលការណ៍ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធីកក់ដំណើររបស់ខ្លួន។

ជាផ្នែកមួយនៃការបើកដំណើរការកម្មវីធីថ្មីនេះ ហ្គ្រេប បានផ្ដល់សម្ភារជំនួយដូចជាអង្ករ ភេសជ្ជៈ និងឧបករណ៍រក្សាអនាម័យ ជូនដល់ដៃគូបើកបររបស់ខ្លួនចំនួន ៥ពាន់នាក់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក ពុយ សុធី នាយកផ្នែកប្រតិបត្តិការ ក្រុមហ៊ុន Grab Cambodia បានឲ្យដឹងថា៖ «ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានកាតព្វកិច្ចចូលរួមថែរក្សាសុខសុវត្ថិភាព របស់សង្គមជាតិយើង។ ក្រុមហ៊ុន Grab មានបំណងចង់លើកកម្ពស់ ស្ដង់ដារសុវត្ថិភាព និងអនាម័យឲ្យកាន់តែខ្ពស់សម្រាប់វិស័យកក់ការធ្វើដំណើរនេះ។ ក្នុងនោះតម្រូវឲ្យដៃគូបើកបរពាក់ម៉ាសសុវត្ថិភាព ការផ្ញើសាររំលឹកដល់ដៃគូបើកបរ និងអ្នកដំណើរអំពីស្ថានភាព សុខភាព មុននឹងកក់ការធ្វើដំណើរ ក៏ដូចជាមុខងារជូនដំណឹងមកកាន់ Grab ក្នុងករណីភាគីណាមួយមានអាការៈ មិនស្រួលខ្លួន»។

វិធានការទាំងនេះរួមមានដូចជា៖
១៖ មុខងារថ្មីៗសម្រាប់ធានាឲ្យបាននូវស្ដង់ដារ ដែលកាន់តែខ្ពស់ផ្នែកសុវត្ថិភាព និងអនាម័យ ដោយ Grab នឹងបើកដំណើរការមុខងារថ្មីមួយ នៅក្នុងកម្មវិធី ជូនដល់ដៃគូបើកបរនិងអ្នកដំណើរ។ មុខងារថ្មីនោះគឺ បែបបទអនឡាញ សម្រាប់បញ្ជាក់អំពីសុខភាពនិងអនាម័យ។ ជាផ្នែកមួយនៃមុខងារថ្មីក្នុងកម្មវិធី Grab Driver ដៃគូបើកបរនឹង ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមជាមុនសិន មុននឹងអាចបើកបរបាន៖

*មិនមានអាការៈដូចជាអ្នកផ្ទុកវីរុសកូវីដ-១៩
*អនុវត្តវិធានការសុវត្ថិភាព និងអនាម័យដែលចាំបាច់
*មិនបាននៅក្បែរអ្នកជំងឺកូវីដ-១៩ ក្នុងអំឡុងពេល១៤ថ្ងៃកន្លងទៅ

នេះ ដើម្បីបញ្ជាក់ថាដៃគូបើកបរបានអនុវត្តតាមស្ដង់ដារសុវត្ថិភាព និងអនាម័យ ពួកគាត់ក៏នឹងតម្រូវឲ្យបញ្ជូនរូបថត selfie របស់ពួកគាត់ ដោយមានពាក់ម៉ាសសុវត្ថិភាព មកកាន់ Grabផងដែរ។ រូបថត ជារូបសម្គាល់ពីកម្មវិធី Grab’s Driver។ សម្រាប់ជាគំរូបង្ហាញតែប៉ុណ្ណោះ!

២៖ ដៃគូបើកបរចាំបាច់ត្រូវពាក់ម៉ាសសុវត្ថិភាព និងការចែកជូនដៃគូបើកបរ នូវកញ្ចប់សម្ភារៈជំនួយចំនួន៦ពាន់សម្រាប់
បន្ទាប់ពីបានផ្ដល់ជូនសម្ភារជំនួយ ជូនដល់ដៃគូបើកបរ, កាលពីខែមេសាកន្លងទៅ Grab ក៏បានរៀបចំកម្មវិធីចែកសម្ភារជំនួយនេះជាលើកទី២ ជូនដល់ដៃគូបើកបរចំនួន៦ពាន់នាក់។ ក្រៅពីសម្ភាររក្សាសុវត្ថិភាព និងម៉ាសសុវត្ថិភាពទៅ Grab ក៏បានផ្ដល់ភេសជ្ជៈ និងអង្ករជូនដល់ដៃគូបើកបរ ដែលសុទ្ធសឹងតែរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល ពីការរាតត្បាតនៃវីរុសកូវីដ-១៩នេះ។

Grab ក៏នឹងតម្រូវឲ្យដៃគូបើកបរទាំងអស់ពាក់ម៉ាស់សុវត្ថិភាព រាល់ពេលដែលពួកគាត់ប្រើកម្មវិធី Grabផងដែរ។ រីឯអ្នកដំណើរវិញ ក៏អាចជូនដំណឹងមក Grab ផងដែរ ក្នុងករណីដៃគូបើកបរមានអាការៈមិនស្រួលខ្លួន ឬមិនពាក់ម៉ាស់សុវត្ថិភាពក្នុងអំឡុងពេលបើកបរ។ Grab តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការជូនដំណឹងនេះ ហើយនឹងចាត់វិធានការដ៏សមស្រប ដើម្បីការពារសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី។

លោក សុធី បានឲ្យដឹងបន្ថែមថា ការរាតត្បាតនៃវីរុសកូវីដ-១៩ បានធ្វើឲ្យយើងយល់ច្បាស់ថា ពិភពលោកយើងនាពេលបច្ចុប្បន្ន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។ មនុស្សគ្រប់រូបសុទ្ធតែមានកាតព្វកិច្ចចូលរួមទប់ស្កាត់វីរុសនេះ កុំឲ្យរាតត្បាតជាលើកទីពីរ។ ហើយ Grab នឹងបន្តលើកកម្ពស់ស្ដង់ដារសុវត្ថិភាព និងអនាម័យ ក៏ដូចជាបន្តជួយឲ្យវិស័យដឹកជញ្ជូនសាធារណៈ កាន់តែទទួលបានទុកចិត្តខ្ពស់៕