(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលដេញក្របួចជាប់ ខណៈជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចម្រុះ សរុបប្រមាណ៤៧សន្លឹក ទៅចាយនៅស្រុកភ្នំក្រវាញ។ករណីនេះធ្វើឡើងនៅវេលាម៉ោង១២៖២០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាក MSX ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-7767 បានធ្វើសកម្មភាពចាយលុយដុល្លារក្លែងក្លាយក្រដាសប្រាក់២០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតចំនួន១ដុល្លារ ពីអ្នកលក់ឥវ៉ាន់ឈ្មោះ ខែក ធារៈ ភេទស្រី ក្នុងភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រោយចាយរួចជនសង្ស័យ បានបន្តចាយលុយដុល្លារក្លែងក្លាយក្រដាស់ប្រាក់១០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាត អ្នកលក់ឥវ៉ាន់ម្នាក់ទៀត ឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

មន្ត្រីនគរបាលបន្ថែមថា នៅពេលម្ចាស់លក់អីវ៉ាន់ត្រួតពិនិត្យលុយដុល្លារនោះដឹងថាក្លែងក្លាយ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ឈានដល់ការដេញស្ទាក់ចាប់ខ្លួនបាន ត្រង់ចំណុចខាងលើ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ១០ដុល្លា ចំនួន៣២សន្លឹក, ២០ដុល្លារ ចំនួន០៣សន្លឹក, ៥០ដុល្លារ ចំនួន០៩សន្លឹក, និង១០០ដុល្លារ ចំនួន០៣សន្លឹក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕