(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ថ្លែងក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលខេត្ត ស្ថិតក្រោមរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួម ពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការ នៃសុខាភិបាលខេត្តមណ្ឌលគិរីជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
លោក ស្វាយ សំអ៊ាង បានថ្លែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនឲ្យដល់មូលដ្ឋាន។
លោកបានបញ្ជាក់ថា គោលបំណង ដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
លោកបានបន្ថែមថា ដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីក្រសួងសុខាភិបាល ត្រូវតែទទួលខុសត្រូវ គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវទទួលខុសត្រូវ និងគណនេយ្យភាពចំពោះ ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះការផ្តល់សេវាសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និង គណនេយ្យភាព ចំពោះក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍៕