(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ក្នុងខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តឧត្តរមានជ័យ។ បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ រវាងរដ្ឋបាលខេត្ត និងអន្តរក្រសួងរួចមក លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានជំរុញ៖
១៖ ចំពោះដីដែលក្រុមហ៊ុនស្កអំពៅដែលបានប្រគល់ជូនរដ្ឋវិញ រដ្ឋបាលខេត្តត្រូវធ្វើសំណើទៅសាម៉ីក្រសួង ដើម្បីសុំប្រើប្រាស់ជាក់ស្តែង
២៖ ត្រូវចាត់តាំងក្រុមការងារ ចុះធ្វើសវតាអ្នករំលោភដីរដ្ឋ ដីសហគមន៍ នឹងមានវិធានការដោះស្រាយជាក់ស្តែង រវាងអ្នកមូលដ្ឋានដែលអត់ដីពិតប្រាកដ និងអ្នកពីក្រៅមកទន្ទ្រាន។
៣៖ សមត្ថកិច្ចជំនាញត្រូវសហការគ្នា ជាមួយអាជ្ញាធរក្នុងការគ្រប់គ្រងដីរដ្ឋ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីខុសច្បាប់ កុំឆ្លើយដាក់គ្នាទៀត
៤៖ សូមឲ្យក្រសួងកសិកម្មពិចារណា កែសម្រួលសមាសភាពថ្នាក់ដឹកនាំព្រៃសហគមន៍ ឲ្យមានក្រុមប្រឹក្សាឃុំ ឬស្រុក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងមានប្រសិទ្ធភាព ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើស។
៥៖ លោកបានលើកសសើរ ដល់ក្រសួងបរិស្ថានដែលបានសម្របសម្រួល ចំពោះដីដែលពាក់ព័ន្ធជាមួយដីគូលេនព្រហ្មទេព និងស្នើឲ្យលោកអភិបាលស្រុក ដែលពាក់ព័ន្ធត្រូវអនុវត្តតាមនិតិវិធី ដែលក្រសួងបរិស្ថានបានណែនាំ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចាត់ក្រុមការងារ ឲ្យចុះមកសហការជាមួយខេត្តដោះស្រាយបញ្ហាដីធ្លី ដែលជាប់គាំងជាយូរមកហើយ និងលើកសសើរដល់ក្រុមការងារអន្តរក្រសួង ដែលបានបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕