(សៀមរាប)៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង កំពុងខ្នះខ្នែងជីកអណ្ដូងទឹកបូមភក់ចេញពីកសិន្ធុប្រាសាទបាគង ដើម្បីឱ្យទឹកជ្រៅ និងដឹកជញ្ជូនទឹកពីតំបន់ខាងក្រៅបញ្ចូលទៅក្នុងកសិន្ធុនេះចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ឱ្យដឹងថា ការងារនេះធ្វើឡើងដើម្បីសង្រ្គោះត្រីធំៗក្នុងកសិន្ធុឲ្យបន្តមានជីវិតក្នុងទឹកកសិន្ធុប្រាសាទបាគង។ ការជួយសង្រ្គោះនៅពេលនេះ គឺជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី៧-១៩ ខែឧសភាកន្លងមក ក្រុមការងារទាំងអស់បានបូមទឹក និងជីកកូនស្រះក្នុងកសិន្ធុម្តងរួចហើយ ដើម្បីឲ្យត្រីបន្តរស់នៅក្នុងទីតាំងកសិន្ធុទៀត ប៉ុន្តែការងារនេះបានផ្អាកទៅវិញ ដោយសារបារម្ភពីការរីងទឹកនៅកសិន្ធុជ្រុងខាងត្បូង។

លោក ឡុង កុសល បានបញ្ជាក់ទៀតថា ស្ថានភាពបច្ចុប្បន្ននៃទឹកក្នុងកសិន្ធុប្រាសាទបាគងមានសភាពរីងហួតខ្លាំង និងមាននៅសល់ទឹកតិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកពុំមានភ្លៀងធ្លាក់ច្រើន។

ដោយឡែកលោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រោយមានករណីនេះកើតឡើងលោកអភិបាលស្រុក និងលោកបានបញ្ចេញកម្លាំងនគរបាលជាង១០០នាក់ បានចុះជួយអន្តរាគមន៍ដោយដាក់ក្បាលបូម និងការដឹកទឹកយកទៅចាក់បញ្ចូលនៅក្នុងកសិន្ធុនេះ។

មូលហេតុចម្បងមួយទៀតនោះ ព្រោះកសិន្ធុទឹកប្រាសាទបាគងមានទំនាក់ទំនងតែជាមួយនឹងស្រទាប់ទឹកក្រោមដី ហេីយក៏ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាទៀតដែរ។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ដោយសារទឹកនៅកសិន្ធុប្រាសាទបាគងរីងខះនៅកន្លែងខ្លះ បានធ្វើឲ្យត្រីប្រា និងត្រីធំៗមួយចំនួនស្លាប់ជាបន្តបន្ទាប់៕