(អាម៉េរិក)៖ យន្តហោះមួយគ្រឿង ដែលដឹកអ្នកទោសជនជាតិអាម៉េរិក ៣នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវបានដោះលែង បន្ទាប់ពី បានដោះដូរជាមួយអ្នកទោសអ៉ីរ៉ង់ ត្រូវបានធ្វើដំណើរទៅកាន់ប្រទេសកំណើតហើយ នេះបើយោងតាមការលើកឡើងរបស់ក្រុមគ្រួសារ របស់អ្នកទោសទាំង៣ ដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។
មន្ត្រីសហរដ្ឋអាម៉េរិក បានប្រាប់សារព័ត៌មានថា «យើងសូមបញ្ជាក់ថា អ្នកទោសដែលជាប្រជាពលរដ្ឋអាម៉េរិក ត្រូវបានដោះលែង ហើយ។ ពួកគេមានបំណងចង់ចាកចេញពីប្រទេសអ៉ីរ៉ង់ ហើយពេលនេះបានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសកំណើតរបស់ខ្លួនហើយ។ យើងមិនអាចផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងរឿងនេះឡើយ ដោយសូមឲ្យអ្នកសារព័ត៌មានគោរព ដល់ភាពឯកជនរបស់អ្នកទោសទាំងនោះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ»។
សូមជម្រាបថា កាលពីដើមឆ្នាំ២០១១កន្លងទៅនេះ ជនជាតិអាម៉េរិក ៥នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេស អ៉ីរ៉ង់ ក្នុងករណីផ្សេងៗគ្នា៕