(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២0២0នេះ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងឆ្លងទន្លេនៅក្នុងមណ្ឌលសុខភាពឃុំអូរគ្រៀង ស្រុកសំបូរ។

ជាមួយគ្នានេះ ប្រតិភូក៏បានបន្តជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តកម្មវិធីជំងឺគ្រុនចាញ់ និងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងដែលកើតមានក្នុងស្រុក នៅខេត្តក្រចេះ ទាក់ទងទៅនឹងស្ថានភាពជំងឺ COVID-19 ជាលើកទី២ ក៏ដូចជា វិធានការការពារ ជំងឺគ្រុនចាញ់ដែលនឹងឈានចូលដល់នាពេលខាងមុខក្នុងរដូវវស្សា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ប្រចាំភាគឦសាន នៃប្រទេសកម្ពុជា ដែលសព្វថ្ងៃខេត្តមួយនេះបាននិងកំពុងមានលំហូរចូលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយភ្ញៀវទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ មានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាសឲ្យបានត្រឹមត្រូវនោះទេ។

កត្តានេះហើយដែលលោកស្រី ចុះមកទស្សនកិច្ចសិក្សា និង ពិនិត្យមើលអំពីស្ថានភាព នៅតាមស្រុក ឬសហគមន៍អំពី ការរស់នៅ និងវិធានការទប់ស្កាត់ ការពារអំពីជំងឺ COVID-19 របស់ប្រជាពលរដ្ឋក្នុងឃុំមួយចំនួននៅស្រុកសំបូរ ដែលសំបូរទៅដោយព្រៃឈើតំបន់ដាច់ស្រយាលនឹងអាចកើតមានឡើងនូវជំងឺគ្រុនឈាម ក៏ដូចជាជំងឺគ្រុនចាញ់។ ជាពិសេសនោះ គឺជំងឺ COVID-19 តែម្ដងដែលជាការទប់ស្កាត់នូវរលកទី២ និងអំពាវនាវដល់ភ្ញៀវទេសចរចូលមកកម្សាន្តទីនេះក្តី និងទីកន្លែងផ្សេងៗក្តី កុំលែងដៃ ឬធ្វេសប្រហែសឲ្យសោះ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេច COVID-19 ព្រោះ COVID-19 មិនភ្លេចយើងទេ»។ លោកស្រីបានជំរុញអាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឲ្យកើតមានការឆ្លងជំងឺ COVID-19 ដែលជារលកទី២ និងកំចាត់ជំងឺគ្រុនចាញ់នៅខេត្តក្រចេះ។

លោកស្រីបានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចការធ្វើអនាម័យឲ្យបានត្រឹមត្រូវ ដោយលាងសម្អាតដៃនឹងសាប៊ូ ដោយអាល់កុល ឬជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការអនុវត្តគម្លាតបុគ្គល និងសង្គមឲ្យបានល្អប្រសើរ។ លោកស្រីបានផ្តាំផ្ញើដល់អាជ្ញាធរ និងមន្រ្តីជំនាញណែនាំចំពោះម្ចាស់ភោជនីយដ្ឋាន តាមរមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ត្រូវធ្វើអនាម័យបានល្អជាប្រចាំ តាមការណែនាំពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ។

តាមការបញ្ជាក់ពីអ្នកស្ម័គ្រចិត្តភូមិ នៃកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ បានបញ្ជាក់ថា ក្រៅពីការងារស្នូលរបស់ខ្លួនពួកគេក៏បានចូលរួមជាមួយអាជ្ញាធរ ដោយអនុវត្តតាមការណែនាំរបស់មន្ទីរសុខាភិបាលនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ដោយបានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមភូមិ និងនៅតាមសហគមន៍ជាប្រចាំឲ្យចូលរួមធ្វើអនាម័យជាប្រចាំ និងមានការការពារបានយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព៕