(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang និងអង្គការដៃគូ បានប្រគល់សម្ភារបរិក្ខារពេទ្យមួយចំនួន គិតជាទឹកប្រាក់សរុប ចំនួន ៤ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ដើម្បីសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីនាយកមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង អមដោយថ្នាក់ដឹកនាំមន្ទីរពេទ្យមួយចំនួនទៀត, រួមទាំងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការដៃគូ (មូលនិធិ Fred Hollows, Eye Care Foundation)។

ក្នុងឱកាសនោះ នាយកមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងអំណរគុណ ចំពោះស្ថានទូតអូស្ដ្រាលី និងអង្គការដៃគូ ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ជាសម្ភារបរិក្ខារពេទ្យ និងឧបរកណ៍ផ្សេៗទៀត ដើម្បីប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវី១៩។

លោកសាស្ដ្រាចារ្យ ងី ម៉េង ថ្លែងបន្ដថា «សម្ភារដែលយើងទទួលបាននៅថ្ងៃនេះ រួមមាន៖ អាកុលជិត១,០០០លីត្រ, ម៉ាស២៥,០០០, ទែម៉ូម៉ែត សម្រាប់វ៉ាស់កំដៅចំនួន២៥គ្រឿង, របាំងសុវត្ថិភាពមុខ ចំនួន២៥០ (Face Shield)។ ស្ថានទូតអូស្ដ្រាលី និងដៃគូ នឹងបន្ដជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ជាសម្ភារសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩»។

លោកបន្ដថា កន្លងមកស្ថានទូតអូស្រ្ដាលី ក៏បាននាំយកសម្ភារបរិក្ខារពេទ្យ, រថយន្ដសង្គ្រោះ, ឧបករណ៍ផ្សេងៗទៀត ជូនដល់ក្រសួងសុខាភិបាលផងដែរ ក្រៅពីផ្ដល់សម្ភារបរិក្ខារមកដល់មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត។

នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ ស្ថានទូតអូស្ដ្រាលី និងអង្គការដៃគូ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស៕