(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃសៅរ៍កន្លងទៅនេះ បានចុះហត្ថលេខា បញ្ជាឲ្យដកទណ្ឌកម្ម ពីប្រទេសអ៉ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។
សេចក្តីសម្រចរបស់ លោក អូបាម៉ា បានធ្វើឡើងបន្ទាប់ពីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបញ្ជាក់ពីសេចក្តីសម្រេចរបស់ប្រទេសអ៉ីរ៉ង់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កាលពីរដូវក្តៅកន្លងទៅនេះ។
ក្នុងសេចក្តីថ្លែងការណ៍ លោក Yukiya Amano អគ្គលេខាធិការរបស់ IAEA បានបញ្ជាក់ថា «ភ្នាក់ងារស៊ើបអង្កេតបានអះអាងថា ប្រទេស អ៉ីរ៉ង់ បានអនុវត្តន៍តាមវិធានការណ៍ ក្រោមការទាមទាររបស់ J.C.P.O.A ដែលជាកិច្ចព្រមព្រៀងនៃគម្រោងសកម្មភាព ដែលសម្រេចព្រមព្រៀងពីសំណាក់ប្រទេសអ៉ីរ៉ង់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាឡឺម៉ង់៕