(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូ ជុំវិញពិភពលោក ក្រុមអឺរ៉ុប (Team Europe ) កំពុងកៀរគរថវិកាចំនួន៤៤៣លានអឺរ៉ូ ស្មើនឹង៤៨៣លានដុល្លារ សម្រាប់ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអឺរ៉ុប ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្រុមអឺរ៉ុប គឺជាក្រុមដែលកើតឡើ ងដោយមានកិច្ចខិតខំរួមគ្នារបស់សហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តនានា។ ដោយការរួមកំលាំងជាមួយគ្នានេះ ក្រុមអឺរ៉ុបផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដ៏គួរឱ្យកត់សំគាល់ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ដើម្បីការពារក្រុមដែលងាយរងគ្រោះជាងគេ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលកើតឡើងដោយសារវិបត្តិ ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងត្រៀមខ្លួនដើម្បីស្ដារឡើងវិញ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បា នថ្លែងថា «ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ទាមទារឱ្យមានកិច្ចសហ ប្រតិបត្តិការ និងសាមគ្គីភាព។ ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជា ក្នុងពេលវេលាដ៏សែនពិបាកនេះ។ យើងត្រូវធ្វើការងាររួមគ្នាដើម្បីធានាឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងរឹងមាំ ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ ដែលការរាតត្បាតជាសកលនេះបង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ»

លោកស្រី Carmen Moreno បានឱ្យដឹងទៀតថា ដៃគូអឺរ៉ុបកំពុងពង្រឹងការអនុវត្ត និងធ្វើការកែសម្រួលតំរង់ទិសកម្មវិធីរបស់ខ្លួន ឱ្យមកផ្ដោតលើអាហារូបត្ថម្ភអានាម័យ ផ្ទាល់ខ្លួន ការទទួលបានទឹកស្អាត និងអនាម័យ បរិស្ថាន ដើម្បីឱ្យកាន់តែឆ្លើយតប ចំពោះតម្រូវការដែលកើតមានក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ ក្រុមអឺរ៉ុបផ្ដល់ការគាំទ្រយ៉ាងខ្លាំងខ្លាដល់អង្គការសុខភាពពិភពលោក និងរួមចំណែកផ្ដល់ហិរញ្ញប្បទានដល់កម្មវិធីដែលអនុវត្តដោយអង្គការនេះ នៅក្នុងប្រទេសកម្ពុជា។

អឺរ៉ុបនឹងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។ ការគាំទ្ររបស់ក្រុមអឺរ៉ុប នឹងរួមចំណែកពង្រឹងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគសាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញដែលគិតគូរពីបរិស្ថាន។ កម្មវិធី និងគម្រោងរបស់អឺរ៉ុប នឹងរួមចំណែកកសាងភាពធន់ក្នុងវិស័យឯកជន និងគាំទ្រដល់ការបង្កើតការងារធានាឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានរឹងមាំ ក៏ដូចជាការ កសាងសេដ្ឋកិច្ចមួយដែលកាន់តែមាន ចីរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមរបៀបវារៈឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕