Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ កំពុងស្ថិតក្នុងមន្ទីរពេទ្យប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពប្រចាំឆ្នាំ ពុំមានជំងឺអ្វីធ្ងន់ធ្ងរទេ!

18-01-2016 10:26

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ សម្តេចកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ នៃប្រទេសសិង្ហបុរី ដើម្បីទៅពិនិត្យសុខភាព ដោយពុំមានជំងឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែជាការទៅពិនិត្យ តាមតម្រូវការរបស់គ្រូពេទ្យ ដែលកំណត់ឲ្យត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ មួយឆ្នាំម្តងៗប៉ុណ្ណោះ។

ខាងក្រោមនេះ ជាសារដែលសម្តេចតេជោ ហ៊ុន សែន សរសេរក្នុង Facebook Page របស់សម្តេចទាំងស្រុង៖

បងប្អូនជនរួមជាតិ ជាទីស្រឡាញ់!

ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងមន្ទីរពេទ្យ នៃប្រទេសសិង្ហបុរី។ ពុំមានជម្ងឺអ្វីធ្ងន់ធ្ងរ ដែលត្រូវព្យាបាលនោះទេ តែនេះជាការតម្រូវរបស់គ្រូពេទ្យ ដែលកំណត់ឱ្យត្រួតពិនិត្យសុខភាព ប្រចាំឆ្នាំមួយឆ្នាំម្តងៗ។ ម្យ៉ាងទៀតការងារចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ពិតជាច្រើន ដែលខ្ញុំខិតខំដោះស្រាយ ទាំងយប់ទាំងថ្ងៃ រកពេលសំរាកស្ទើរមិនបាន។

ការដែលខ្ញុំមកពិនិត្យសុខភាព នៅសិង្ហបុរី មិនមានន័យថាខ្ញុំមិនទុកចិត្ត​ គ្រូពេទ្យកម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យសុខភាពជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងព្យាបាលជម្ងឺ នៅកម្ពុជា ដោយគ្រូពេទ្យខ្មែរយើង។ ដោយមានការណែនាំ របស់គ្រូពេទ្យកម្ពុជា បានស្នើរឱ្យខ្ញុំពិនិត្យនៅក្រៅប្រទេស ដើម្បីធ្វើឱ្យប្រាកដនូវប្រភេទជម្ងឺខ្លះ ដែលយើងខ្វះឧបករណ៍។ វេជ្ជបណ្ឌិតខ្មែរ ដែលព្យាបាលខ្ញុំបានរួមដំណើរមកជាមួយខ្ញុំ ដើម្បីសហការជាមួយពេទ្យសិង្ហបុរី ធ្វើការពិនិត្យ ដែលនេះជារឿងធម្មតា នៃកិច្ចសហការខាងវេជ្ជសាស្ត្រ។

ខ្ញុំនឹងវិលត្រឡប់ ទៅប្រទេសវិញនៅថ្ងៃទី២១ មករា ប្រសិនគ្រូពេទ្យអនុញ្ញាត៕