(រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី Ailian Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បន្តបេសកកម្មចុះត្រួតពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត១ និងម្រិត២ នៅស្រុកកូនមុំ និងពិនិត្យមើលក្រុមហ៊ុនចំការចេកហ័ងអាញ់ ផងដែរ។

ចូលរួមក្នុងឱកាសនេះមានប្រធាន, អនុប្រធានមន្ទីរសុខាភិបាល, កប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, អភិបាលស្រុកកូនមុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានបានជម្រាបជូនក្រុមការងារ ដោយលើកឡើងថា ក្រោមការដឹកនាំរបស់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ខេត្តរតនគិរី បានឲ្យក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ (RRT) សហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, អង្គការដៃគូនានា ត្រៀមរៀបចំសម្ភារបរិក្ខាបម្រុងទុកជាមុន និងផែនការឆ្លើយតបក្នុងករណីផ្ទុះជំងឺកូវីដ-១៩។

ចំណែកឯលោក ឌុច ចាន់តូ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានមតិលើកឡើងជម្រាបជូនក្រុមការងារ អំពីស្ថានភាពកម្មករធ្វើការក្នុងចំការចេក ហ័ងអាញ់ ដោយឲ្យពួកគេមានអនាម័យជាប់ជានិច្ច ដូចជាត្រូវលាងដៃនឹងសាប៊ូ ឬអាកុល, ធ្វើការឲ្យមានគម្លាតពីគ្នា ជាពិសេសត្រូវត្រួតពិនិត្យពួកគាត់ចេញចូលក្នុងចំការជាប្រចាំ បើមានការសង្ស័យត្រូវនាំពួកគាត់ដាក់ដោយឡែកចំនួន ១៤ថ្ងៃ តាមដានសុខភាពសិន។

ថ្លែងក្នុងឱកាសនោះលោក ស្រីឱ វណ្ណឌីន និងលោកស្រី Ailan Li បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងខេត្តរតនគិរី ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសកោតសរសើរចំពោះបុគ្គលិក សុខភាពសាធារណៈជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងសកម្ម។

ទោះបីយ៉ាងនេះក្តី លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរខេត្តបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រោះជំងឺនេះនៅទូទាំងពិភពលោក មិនទាន់ថមថយនៅឡើយទេ ពោលឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត ដើម្បីបង្ការបាននូវការរីករាលដាលរលកទី២ នៃជំងឺនេះ៕