(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ» នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។

នេះបើយោងតាមលិខិតអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្ដី ផ្ញើជូនទៅរដ្ឋមន្រ្ដីក្រសួងស្ថាប័នមួយចំនួន ដើម្បីឲ្យចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។

លិខិតអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១១ ខែមិថុនានេះបានបញ្ជាក់ថា «យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ឲ្យដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ដំណាក់កាលទី១ ក្រុមការងារបច្ចេកទេស អន្ដរក្រសួងបានបញ្ចប់ជាសា្ថពរ នូវការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួម សម្រាប់ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលជាសមិទ្ធផលថ្មីមួយ នៃកំណែទម្រង់ដ៏សំខាន់ ដែលនឹងជួយកែសម្រួលបរិយាកាសធុរកិច្ច និងលើកម្ពស់ការប្រកួតប្រជែងនៅកម្ពុជា។ ខ្ញុំនឹងដឹកនាំវិធីប្រកាសដាក់ឲ្យដំណើរការដោយផ្ទាល់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបចេញអនុក្រឹត្យថ្មីមួយ ស្តីពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការបង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅកម្ពុជា។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីអាជីវកម្មនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដែលក្នុងនោះមាន៖

* ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
* ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាស ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកការដាក់ដំណើរការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ គឺជាការបោះជំហានមួយដ៏ធំ ដែលនឹងជួយដល់អ្នកវិនិយោគ អាចធ្វើការចុះបញ្ជីតែម្ដងប៉ុណ្ណោះ នៅលើថ្នាលតែមួយតាមប្រព័ន្ធបច្ចេកវិទ្យា បានសេចក្ដីថា នៅពេលដែលត្រូវការចុះបញ្ជី អាចធ្វើការពីចំងាយ ដោយមិនបាច់ចំណាយពេលមកផ្ទាល់ដល់ក្រសួងស្ថាប័ននោះទេ៕