(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលពេញនិយមនូវអាហារបែបហុងកុង ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ភោជនីយដ្ឋាន «ហុងកុង» បានដាក់ដំណើរការសាខាថ្មីរបស់ខ្លួនមួយទៀត នៅទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីដាក់ដំណើរការសាខាថ្មីនេះ លោកស្រី Theresa Yuen ម្ចាស់ភោជនីយដ្ឋាន «ហុងកុង» បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភោជនីយដ្ឋាន «ហុងកុង» បានបើកដំណើរការនៅកម្ពុជា៥ទីតាំងហើយ ដោយមានការទទួលស្គាល់ពីភ្ញៀវនៅកម្ពុជាជាច្រើន។

លោកស្រី Theresa Yuen បានគូសបញ្ជាក់ថា ភ្ញៀវដែលចូលមកទទួលទានអាហារ នៅក្នុងភោជនីយដ្ឋាន «ហុងកុង» ទាំង៥ទីតាំង ភាគច្រើនមកពីហុងកុង ចិនដីគោក ម៉ាឡេស៊ី និងភ្ញៀវជាច្រើនទៀត រួមទាំងកម្ពុជាផងដែរ។

ម្ចាស់ភោជនីយដ្ឋាន «ហុងកុង» រូបនេះ បានបញ្ជាក់ថា «មូលហេតុដែលយើង សម្រេចបើកភោជនីយដ្ឋាន ហុងកុង ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដោយសារតែ ចង់យកអាហារបែបហុងកុង មកផ្ដល់ជូនភ្ញៀវកម្ពុជាទទួលទាន ព្រោះនៅក្នុងប្រទេសកម្ពុជា មិនសូវមានភោជនីយដ្ឋានបែបនេះឡើយ»។

លោកស្រី Theresa Yuen បានបន្ថែមទៀតថា សាខាថ្មីនេះ ចាប់បើកដំណើរការ ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ដែលមានបម្រើអាហារ ជាច្រើនមុខម្ហូប ជាអាហារបែបហុងកុងពិតៗ ដែលចំណាយទុនប្រមាណ២០ម៉ឺនដុល្លារ។

លោកស្រី បានបន្ថែមថា សម្រាប់សាខាទី៥នេះ បានផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជា ប្រមាណជាង១០០នាក់ ក្នុងនោះ សូម្បីតែចុងភៅ ក៏ជាជនជាតិកម្ពុជាដែរ ដោយមិននាំពីប្រទេសចិន ឬមកពីហុងកុងឡើយ។

លោកស្រី Theresa Yuen បានបន្ដទៀតថា ក្រៅពីកម្ពុជា ភោជនីយដ្ឋានហុងកុង ក៏មានទីតាំងនៅប្រទេសម៉ាឡេស៊ីមួយផងដែរ ហើយនៅថ្ងៃអនាគតខាងមុខ ភោជនីយដ្ឋាននេះ នឹងបើកដំណើរការមួយទៀត នៅក្នុងប្រទេសកម្ពុជា។

ចំពោះបញ្ហាជំងឺកូវីដ-១៩វិញ លោកស្រី Theresa Yuen បានឲ្យដឹងថា គ្រប់ភ្ញៀវ ដែលចូលមកក្នុងភោជនីយដ្ឋាន តម្រូវឲ្យវាស់កំដៅក្នុងខ្លួន ត្រូវលាងដៃ ជាមួយអាល់កុល និងតម្រូវឲ្យមានអនាម័យ ទៅតាមក្រសួងសុខាភិបាលណែនាំ ដើម្បីចូលរួមការពារជំងឺកូវីដ-១៩ផងដែរ៕