(ភ្នំពេញ)៖ យោងតាមលទ្ធផលជំរឿន សត្វត្មាតទូទាំងប្រទេសកម្ពុជា មាន៣ប្រភេទ ដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិ មានចំនួនសរុប ១១៩ក្បាល ក្នុងនោះត្មាតភ្លើងចំនួន១១ក្បាល ត្មាតផេះមានចំនួន ៧១ក្បាល និងត្មាតត្នោតចំនួន៣៧ក្បាល។

ចំនួននេះមានការថយចុះចំនួន១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ២០១៩ ដែលមានចំនួន ១៣៧ក្បាល។

នេះជាការជូនដំណឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាបានធ្វើឡើងនៅលើទីតាំង ៤ កន្លែងផ្សេងៗគ្នាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០។

ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ទីតាំងផ្សេងគ្នានៅក្នុងភូមិ ភាគឥសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្តនិងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ដោយឡែក សម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី មិនត្រូវបានធ្វើឡើយ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចូលរួមបើកដំណើរការ ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា នៅក្នុងសហគមន៍ដងផ្លិត-អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួង បរិស្ថាបានបង្ហាញរបាយការណ៍ នៃលទ្ធផលជំរឿនដោយបញ្ជាក់ថា សត្វត្មាតទាំង ១១៩ ក្បាលនោះមាននៅ៖

ទី១៖ ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ មានសត្វត្មាតសរុបចំនួន ៣៤ក្បាល គឺត្មាតភ្លើង ៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ៩ក្បាល
ទី២៖ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ ក្បាល
ទី៣៖ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តក្រចេះមិនមានវត្តមានសត្វត្មាតទេ។

លោក នេត្រ ភក្ត្រា បានបន្តថា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លងទៅ បានបង្ហាញថាកម្ពុជា មានសត្វត្មាតទាំង៣ប្រភេទ មានចំនួន ១៣៧ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។

លោកក៏បានថ្លែងថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។

សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានា ខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់។

លោកបានបញ្ជាក់ថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះ ក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ ដោយសារតែថ្នាំពុល។

ដោយសារតែសត្វត្មាត ជាសត្វកម្រជិតផុតពូជ អស់ពីលើពិភពលោក ហើយកម្ពុជាមានត្រូវបានគេដឹងថា នៅមានសល់សត្វត្មាតច្រើនជាងគេនោះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានអនុវត្តសកម្មភាពអភិរក្ស នៅតាមតំបន់ការពារធម្មជាតិនានា តាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅ នៃកត្តាប្រឈមដល់សត្វត្មាត។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថាន ដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ សម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕