(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយកមន្ត្រីនៃកម្ពុជា បានសន្ទនាគ្នាតាមរយៈទូរស័ព្ទជាមួយលោក នរិន្ទ្រៈ មុឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា ពីការជួយប្រជាជនរបស់ខ្លួននៅក្រៅប្រទេស ដើម្បីបញ្ជៀសពីការរាតត្បាតជំងឺកូវីដ-១៩។

កិច្ចសន្ទនាតាមរយៈទូរស័ព្ទរវាងនាយកមន្រ្តីប្រទេសមិត្តទាំងពីរនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងទ្វេបានពិភាក្សាអំពីជំងឺរាតត្បាត COVID-19 ដោយព្រមព្រៀងជាមួយគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជួយប្រជាជនរបស់ខ្លួននៅក្រៅប្រទេស និងសម្រួលដល់ការជម្លៀសពួកគេ។

ស្ថានទូតឥណ្ឌាបានឱ្យដឹងថា លោក នរិន្ទ្រៈ មុឌី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដែលជាសមាជិកសំខាន់មួយរបស់អាស៊ាន ហើយក៏ជាប្រទេសមិត្តមួយដែលមានទំនាក់ទំនងអរិយធម៌ និងវប្បធម៌ស្រដៀងគ្នាជាមួយឥណ្ឌា។

ថ្នាក់ដឹកនាំទាំងទ្វេបានពិនិត្យឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំរវាងប្រទេសទាំងពី រួមមានកម្មវិធីកសាងសមត្ថភាព ក្រោមគ្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសេដ្ឋកិច្ចឥណ្ឌា (ITEC) និងគម្រោងទទួលផលរហ័សក្រោមក្របខណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើសារសំខាន់ ដែលប្រទេសកម្ពុជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយឥណ្ឌា។ ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្រ្តីក៏បានឆ្លើយតបប្រកបដោយមនោសញ្ចេតនា និងបានសង្កត់ធ្ងន់លើតួនាទីដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ក្នុងគោលនយោបាយច្បាប់បូព៌ារបស់ប្រទេសឥណ្ឌា៕