(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក (យប់០៦លើក) បណ្តាលឲ្យមនុស្សស្លាប់១០នាក់ (ស្រី០២នាក់) របួសធ្ងន់៨នាក់ (ស្រី១នាក់) របួសស្រាល ៨នាក់ (ស្រី៣នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៧នាក់ (យប់១១នាក់) នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច០៦គ្រឿង រថយន្តធុនធំ០៨គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៧លើក ស្រវឹង ០១លើក ប្រជែងគ្រោះថ្នាក់០២លើក បត់គ្រោះថ្នាក់២លើក បើកបរងងុយដេក១លើក និងមិនចេះបើកបរ១លើក។
របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ យានយន្ត៣៣,៥៨៣ គ្រឿង ត្រូវបាន ត្រួតពិនិត្យក្នុងនោះមានម៉ូតូ ៧២ភាគរយ។ យានយន្ត ៦,៤២៦គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ មានម៉ូតូ ៥៦ភាគរយ។ របាយការណ៍បន្តថា យានយន្ត ៣,៤៦៣គ្រឿង ស្មើ ៥៤ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៩៦៣គ្រឿង ត្រូវបាន ផាកពិន័យ៕