(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទើបនឹងតែងតាំងជាប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាប បទល្មើសព្រៃឈើ នឹងកោះប្រជុំសមាជិករបស់ខ្លួន ជាលើកដំបូង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីដាក់ចេញនូវ វិធានការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ នេះបើយោងតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញ ឈើទៅប្រទេសវៀតណាម។ សម្តេចតេជោ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួ ងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក។
ក្រោយការដាក់ចេញបទបញ្ជា របស់នាយករដ្ឋមន្រ្តី គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅក្នុងតំបន់សម្បូរបទល្មើស ព្រៃឈើ បានចុះទៅ បង្រ្កាបយ៉ាងសស្រាក់សស្រាំ និងរឹបអូសឈើបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕