(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើក ទឹកចិត្ត និងកោតសរសើរ ដល់កងកម្លាំង នគរបាលចរាចរណ៍គ្រប់ជាន់ថ្នាក់ នៅទូទាំង ប្រទេសដែលបានខិតខំបំពេញ ភារកិច្ចទាំងយប់ទាំងថ្ងៃ មិនគិតការនឿយហត់ ដើម្បីជួយ សម្រួលដល់ចរាចរណ៍ និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ បើទោះបីនៅ កណ្តាលថ្ងៃ ឫនៅកណ្តាលភ្លៀងក៏ដោយនោះ។

នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបានថ្លែងថា «ខ្ញុំសូមកោតសរសើរ ដោយស្មោះ អស់ពីដួងចិត្ត ចំពោះស្នាដៃដ៏ធំធេងកន្លងមក ក៏ដូចជា បច្ចុប្បន្នចំពោះគ្រប់សកម្មភាព បញ្ជាចរាចរណ៍ របស់ពលនគរបាល នាយនគរបាល និង ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់សារធារណៈ ដែលបានប្រឹងប្រែង បំពេញការងារ ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង មិនខ្លាចនឿយហត់ រួមចំណែក ដ៏ធំធេង ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេស»។

នាយឧត្តម សេនីយ៍ ម៉ា ឈឿន បានថ្លែង «គោរពដោយស្មោះត្រង់ ចំពោះអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា "ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"  និងក្រោមការដឹកនាំចង្អុលផ្ទាល់ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំបាទសូមដឹងគុណ សម្តេចតេជោ នាយកមន្រ្តី និងសូមគាំទ្រការដឹកនាំដោយផ្ទាល់ របស់សម្តេច ក្រឡាហោម»។

នគរបាលចរាចរណ៍ ជាមុខសញ្ញាដែលស្ថិតនៅជាផ្ទាំងស៊ីប នៃការរិះគន់ និងខឹងសម្បារ របស់មហាជនចំពោះការចាប់ផាកពិន័យម៉ូតូ ឫយានយន្តនៅតាមដងផ្លូវ ប៉ុន្តែបើយើងមើលឲ្យជ្រៅ គឺមន្រ្តីនគរបាលចរាចរណ៍ ទាំងនេះដែលជាក្រុម សមត្ថកិច្ចឈរនៅមុខគេទៅវិញ សម្រាប់សម្រួលការធ្វើដំណើរ លើដងផ្លូវ របស់ប្រជាពលរដ្ឋ។ នៅទីណាដែលស្ទះផ្លូវខ្លាំងមិនថា ពេលថ្ងៃ ឫពេលយប់នោះទេ ប៉ុន្តែសម្រាប់ នគរបាលចរាចរណ៍ទាំងនេះ បានបង្ហាញវត្តមានផ្លុំកញ្ចែ ស្ទើរបែកក្រឡើត។

ជានេះទៅទៀត នៅពេលថ្ងៃឈប់សម្រាក ប្រជាពលរដ្ឋបាន ឈប់សម្រាក ដើរលំហែកាយ ទៅស្រុកកំណើតជួបជុំគ្រួសារ ប៉ុន្តែពួកគាត់ នៅយាមប្រចាំការ និងជួយសម្រួលចរាចរណ៍ ដូចកងកម្លាំងសមត្ថកិច្ចទដៃទៀតដែរ។

ជីវីតបែបនេះរបស់ នគរបាលចរាចរណ៍ គ្មាននរណាបានដឹងក្រៅ ភរិយាកូនៗ និងមេ របស់ពួកគាត់តែប៉ុណ្ណោះ។ នៅពេលមានគ្រោះថ្នាកចរាចរណ៍ បុកគ្នានៅតាមដងផ្លូវ ពេលនោះ គេឃើញមានវត្តមាន នគរបាលចរាចរណ៍ចុះទៅវាស់វែង និងជួយដោះស្រាយ សម្របសម្រួល។

បើទោះបីមានបុគ្គលនគរបាល ចរាចរណ៍មួយក្តាប់តូច ធ្វើខុសនាំឲ្យមានការរិះគន់ តែភាគច្រើនគឺ កងកម្លាំងមួយនេះ បានចូលរួមចំណែក យ៉ាងច្រើនសម្រាប់ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ របស់សង្គមជាតិដែលម្នាក់ៗគួរមានការលើកទឹកចិត្តពួកគាត់ផង៕