(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងភរិយា បានអញ្ជើញចូលថ្វាយបង្គំគាល់ និងអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង។
លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយ, លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីទូតជាច្រើនរូបទៀត ក៏បានអញ្ជើញអមដំណើរលោកឯកអគ្គរដ្ឋទូតផងដែរ។ នេះបើតាមការផ្សាយរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា។
លោក Wang Wentian ជាដំបូងបានពាំនាំនូវការសួរព្រះរាជសុខទុក្ខ និងព្រះសព្ទសាធុការពរជ័យរបស់ថ្នាក់ដឹកនាំចិន ថ្វាយដល់សម្តេចព្រះមហាក្សត្រី ហើយតំណាងឲ្យមន្រ្តីនៃស្ថានទូតចិនប្រចាំកម្ពុជា លោកបានថ្វាយព្រះពរសិរីសួស្តី បវរល្អប្រសើរ និងសូមព្រះអង្គមានព្រះរាជសុខភាពមាំមួន។
បន្ទាប់មកលោកបានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 មក ប្រទេសទាំងពីរបានជួយយកអាសារគ្នាទៅវិញទៅមក និងបានពុះពាររួមគ្នាក្នុងគ្រាដ៏លំបាកមួយនេះ ដែលនេះបានបង្ហាញពីមិត្តភាពប្រពៃណីពិសេសដ៏សែនជ្រាលជ្រៅនៃប្រជាជនទាំងពីរ។
សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ នៃប្រទេសកម្ពុជាព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយជាព្រះរាជទ្រព្យ និងសម្ភារជូនដល់ប្រទេសចិន ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយមនោសញ្ចេតនាដែលប្រៀបដូចផ្តល់ធ្យូងកម្តៅក្នុងរដូវរងារនេះ ភាគីចិននឹងចងចាំជារៀងរហូត។
ស្ថានទូតចិនបានស្រង់សម្តី របស់លោក Wang Wentian យ៉ាងដូច្នេះថា «យើងខ្ញុំពិតជាសប្បាយរីករាយជាពន់ពេក ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះអង្គទាំងទ្វេ និងស្ថិតក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃជំងឺវីរុសក្នុងប្រទេសទទួលបានការគ្រប់គ្រងដ៏មានប្រសិទ្ធភាព។ ភាគីចិននឹងបន្តផ្តល់ការគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើបានដល់កិច្ចគ្រប់គ្រងជំងឺក្នុងប្រទេសកម្ពុជា នឹងព្យាយាមរិះរកមធ្យោបាយដើម្បីជួយកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចដែលទទួលរងការប៉ះពាល់ពីជំងឺនេះ»។
នៅក្នុងឱកាសនោះ សម្តេចព្រះមហាក្សត្រី បានថ្លែងអំណរគុណដល់ការសួរព្រះរាជសុខទុក្ខរបស់ថ្នាក់ថ្នាក់ដឹកនាំចិន។ ព្រះអង្គមានព្រះបន្ទូលថា មិត្តភាពប្រពៃណីកម្ពុជាចិន ដែលត្រូវបានកសាងស្ថាបនា និងបីបាច់ថែរក្សាដោយយកចិត្តទុកដាក់បំផុតនិងដោយផ្ទាល់ពីសម្តេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយប្រទេសចិន នៅតែជាមិត្តភក្តិល្អបំផុតរបស់កម្ពុជា។
ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវជំងឺមួយនេះ ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តជាច្រើនរូបមកកាន់ប្រទេសកម្ពុជា និងព្រមទាំងបានផ្តល់ជំនួយយ៉ាងច្រើនអនេក មកកាន់កម្ពុជា សកម្មទាំងនេះយើងនឹងចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។
ព្រះមហាក្សត្រី មានព្រះបន្ទូលថា «ក្រុមសម្តេចឪនឹងយកម៉ាសការពារជំងឺ ដែលជាជំនួយផ្តល់ដោយភាគីចិនមានចំនួន២សែនម៉ាស ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ជាបន្ទាន់ឲ្យបានឆាប់រហ័ស។ ក្នុងនាមជាមិត្តល្អ យើងពិតជាមានសេចក្តីត្រេកអរចំពោះការទទួលបានភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសចិន ក៏សូមចូលរួមត្រេកអរចំពោះបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺក្នុងប្រទេសចិនដែលទទួលបានការសិក្សា និងរៀនសូត្របន្តពីបណ្តាប្រទេសកាន់តែច្រើនឡើងៗ»។
បើតាមស្ថានទូតចិន, ព្រះមហាក្សត្រី មានព្រះបន្ទូលបន្ថែមថា សែរាជវង្សានុវង្សកម្ពុជានឹងចូលរួមជាកម្លាំងជំរុញដល់ការអភិវឌ្ឍមិត្តភាពកម្ពុជាចិន បង្កើនទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរ និងប្រជាជនទាំងពីរកាន់តែស្អិតរមួតថែមមួយកម្រិតទៀត៕