(ព្រះសីហនុ)៖ សម្រាប់ឆ្នាំ២០២០នេះ ទិវាបុណ្យសមុទ្រពិភពលោក ដែលតែងតែត្រូវបានរៀបចំនៅថ្ងៃទី០៨ ខែមិថុនា មានពាក្យស្លោក «គំនិតច្នៃប្រឌិតថ្មីសម្រាប់និរន្តរភាពសមុទ្រ» ដើម្បីរំលឹក និងដឹងគុណដល់សមុទ្រ ដែលបានផ្តល់ផលប្រយោជន៍មហិមាដល់ជីវិតមនុស្ស សត្វនៅលើផែនដី។
ទិវាបុណ្យសមុទ្រពិភពលោកនាឆ្នាំនេះ ត្រូវបានសហការរៀបចំដោយរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកោះកុងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលឃុំកោះស្តេច សហគមន៍នេសាទសម្រស់កោះស្តេច និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ដោយមានការចូលរួមពីក្រុមល្បាតសហគមន៍នេសាទ ក្រុមយុវជនស្ម័គ្រចិត្ត កងកំលាំង លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ប្រធានបទ «ជំរុញចលនាសកល ដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំពិភពលោក យកចិត្តទុកដាក់ការពារសមុទ្ររបស់យើងឱ្យបានយ៉ាងហោចណាស់ ៣០% នៅឆ្នាំ២០៣០»។
គោលបំណងទិវាបុណ្យសមុទ្រពិភពលោក មានចំនួន៣ រួមមាន៖
* លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគុណតម្លៃសមុទ្រ និងការចូលរួមអភិរក្ស
* ការពារ និងអភិរក្សនូវធនធានជលផលកំពុងរងគ្រោះ ជាពិសេសផ្កាថ្ម អណ្តើកសមុទ្រ និងសេះសមុទ្រ
* លើកម្ពស់ការយល់ដឹងពីផលប៉ះពាល់ការបំពុលសមុទ្រ និងការចូលរួមទប់ស្កាត់សំណល់ប្លាស្ទិកចូលទៅក្នុងសមុទ្រ។
ក្រុមការងារបានធ្វើយុទ្ធនាកាផ្សព្វផ្សាយ សម្អាតបរិស្ថានតាមទីសាធារណៈ និងជំរុញការសម្អាតតាមលំនៅស្ថានរៀងៗខ្លួនក្នុងភូមិកោះស្តេច តំឡើងផ្លាកអប់រំផ្សព្វផ្សាយអំពី ការអភិរក្សអណ្តើកសមុទ្រ ផ្ទាំងរូបភាពអំពីសារៈសំខាន់ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង និងការសំអាតឆ្នេរខ្សាច់នៅពយជប៉ុនផងដែរ។ ចៃដន្យល្អ ក្រុមការងារបានជួបសំណេះសំណាល និងបង្ហាញពីកម្មវត្ថុនៃកម្មវិធីបុណ្យសមុទ្រជូនអភិបាលខេត្តកោះកុង និងបានទទួលអនុសាសន៍ ក៏ដូចជាការគាំទ្រដល់ក្រុមការងារក្រោមបរិយាកាសរីករាយក្រៃលែង។
ស្របពេលជាមួយគ្នាផងដែរ ដើម្បីចូលរួមអបអរសាទរទិវាដ៏មហោឡារិកនេះ មន្រ្តីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ប្រជាពលរដ្ឋសហគមន៍នេសាទទាំងបីនៅប្រជុំកោះរ៉ុង និងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រថវិកា សម្ភារៈពីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានរៀបចំនិងធ្វើសកម្មភាពមួយចំនួនក្នុងគោលបំណង បង្កើនធនធានជីវៈចម្រុះ ធានានិរន្តរភាព និងផាសុខភាពសមុទ្រដូចជសកម្មភាពធ្វើថ្នាលសួនបណ្តុះកូនឈើកោងកាង ការស្តារនិងដាំកោងកាងឡើងវិញ ការបោះស្លាកពាក្យស្លោកការពារព្រៃកោងកាង ផ្កាថ្ម និងស្មៅសមុទ្រ បិទផ្សព្វផ្សាយប៉ាន់ណូប្រភេទសត្វកំពុងរងគ្រោះ ការអភិរក្សដោយលែងមេក្តាមសេះពងចូលបែធនាគាក្តាមសេះសហគមន៍ ការប្រមូលសម្រាម និងសំអាតឆ្នេរ ។ល។ នៅតាមសហគមន៍នេសាទនីមួយៗរៀងៗខ្លួន ប៉ុន្តែការរៀបចំនេះ បានគោរពទៅតាមលក្ខខណ្ឌនៃការការពារជំងឺកូវីត១៩។
ដោយឃើញការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សហគមន៍នេសាទទាំង៣ នៅប្រជុំកោះរ៉ុងក្នុងឱកាសនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានផ្តល់លិខិតសរសើរ ជូនដល់សហគមន៍នេសាទទាំង៣នៅប្រជុំកោះរ៉ុង ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចការងារការពារ និងអភិរក្សធនធានជលផលកន្លងមក ជូនជាតិមាតុភូមិ។ យើងស្រលាញ់សមុទ្រ ចូលរួមការពារសមុទ្រ ឱ្យមានផាសុខភាពល្អ៕