(ភ្នំពេញ)៖ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានស្នើព្រះមេគណគ្រប់រាជធានី-ខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាប់ផ្សឹកព្រះតេជគុណ លួន សុវ៉ាត តាមសេចក្តីសម្រេចរបស់ថេរសភាខេត្តសៀមរាប ឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានមានសង្ឃដីកាបញ្ជាក់ថា គណៈសង្ឃនាយកឯកភាពតាមសេចក្តីសម្រេចរបស់ថេរសភាសង្ឃខេត្តសៀមរាបក្នុងការឱ្យភិក្ខុ លួន សុវ៉ាត លាចាកសិក្ខាបទពីភេទបព្វជិត។
សូមបញ្ជាក់ថា ថេរសភាសង្ឃខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ បានសម្រេចឱ្យព្រះតេជគុណ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប លាចាកសិក្ខាបទពីភេទជាបព្វជិត បន្ទាប់ពីបានប្រព្រឹត្តខុសនឹងធម៌វិន័យរបស់សង្ឃ។
ការសម្រេចរបស់ថេរសភាសង្ឃខេត្តសៀមរាប បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាមួយរវាងភិក្ខុ លួន សុវ៉ាត ជាមួយនឹងនារីភេទ ដែលមានអត្ថន័យស៊ីជម្រៅលើសពីទំនាក់ទំនងធម្មតា។
តែទោះជាយ៉ាងណាចាប់តាំងពីថ្ងៃចេញសេចក្តីសម្រេចនោះមក ភិក្ខុ លួន សុវ៉ាត កំពុងសម្ងំលាក់ខ្លួនមិនទាន់បានលាចាកសិក្ខាបទនៅឡើយទេ។
នៅថ្ងៃទី១០ ខែមិថុនា នេះ ព្រះតេជគុណ លួន សុវ៉ាត បានសរសេរលើហ្វេសប៊ុកថា មកដល់ពេលនេះព្រះអង្គមិនទាន់លាចាកសិក្ខាបទនោះទេ ហើយកំពុងគង់នៅកន្លែងមានសុវត្ថិភាពមួយ។
ការបន្តរស់នៅក្នុងភេទជាបព្វជិត ដោយមិនអនុវត្តន៍តាមសេចក្តីសម្រេចរបស់ថេរសភាសង្ឃខេត្តសៀមរាប របស់ព្រះភិក្ខុ លួន សុវ៉ាត ត្រូវបានថេរសភាសង្ឃខេត្តសៀមរាបចាត់ទុកជាការប្រព្រឹត្តនូវទង្វើខុសច្បាប់ ដែលអាជ្ញាធរអាចអនុវត្តន៍វិធានការច្បាប់បានគ្រប់ពេលវេលា៕