(ភ្នំពេញ)៖ ក្រោយបញ្ចេញប្រតិបត្តិការ ជួយបាញ់ពន្លត់ពីសំណាក់រថយន្ត ពន្លត់អគ្គិភ័យ របស់សមត្ថកិច្ច និងអង្គភាព៧១១មកនោះ អគ្គិភ័យដែលបានឆាបឆេះតូប លក់ដូរ នៅក្នុងផ្សារឯករាជ្យ៣ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោង ប្រមាណ៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះអគ្គិភ័យ ទាំងព្រឹកព្រលឹមនេះ បានបំផ្លាញតូបរបស់ ក្រុមអាជីវករអស់ចំនួន៤តូប ហើយមូលហេតុ ដែលនាំកើតមានអគ្គិភ័យនេះ គឺទុស្សខ្សែភ្លើង។
លោក ព្រហ្ម យ៉ត នាយការិយាល័យ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់ អគ្គភ័យ ចំនួន៧គ្រឿង តែបានបាញ់អស់តែ៥គ្រឿងនោះទេ ក្នុងនោះរថយន្តរបស់អង្គភាព៧១១ មានចំនួន៤គ្រឿងផងដែរ។
លោកបានបន្តថា តូបលក់ខោអាវចំនួន៤តូប នៅជាប់គ្នាៗ ត្រូវបានឆេះបំផ្លាញ ទាំងស្រុង ប៉ុន្តែទំហំនៃការបាត់បង់ទ្រព្យសម្បត្តិនោះ នៅមិនទាន់ដឹង នៅឡើយទេ៕