(ភ្នំពេញ)៖ ម្ចាស់ហាងធារ៉ា ដែលបានប្រើប្រាស់អំពើហិង្សាលើប្រពន្ធ និងបុគ្គលិកខ្លួនបណ្ដាលឲ្យរងរបួស នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ដើម្បីអនុវត្តតាមច្បាប់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ហាងដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ កាន់ វុទ្ធី អាយុ៣៨ឆ្នាំ ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញវីដេអូខ្លីបរយៈពេល ៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ឃេីញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះបុរសជាប្តី ដែលជាម្ចាស់ហាងបានប្រើអំពើហិង្សាយកចានគប់ និងទាត់ធាក់បុគ្គលិកបណ្តាលឲ្យរងរបួស។
ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិក ពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មានអំពីករណីបង្កហិង្សានេះ ភ្លាមនោះក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍ ចាត់វិធានការភ្លាមៗ ដោយលោកបានធ្វេីការកោះហៅជនបង្កឲ្យចូលខ្លួនដេីម្បីធ្វេីការសាកសួរទាក់ទងនឹងករណីបង្កអំពេីហិង្សានេះ។
ពេលនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននិងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាង ដែលជាជនបង្កហិង្សា និងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕