(សៀមរាប)៖ អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បាបន្តចូលរួមជាមួយ អាជ្ញាធរជាតិអប្សរាដោយស្ម័គ្រចិត្តរុះរើតូបលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋានធំៗចំនួន២ កន្លែងជាថ្មីទៀតនៅ ជាប់ស្ពានអណ្ដែតទឹកនិងនៅជិតបន្ទប់អនាម័យនៃបរិវេណ ប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី១០ ខែមិថុនានេះ។
ការរុះរើតូបលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីអាជីវករជាអ្នកជួលតូបនិងម្ចាស់ភោជនីយដ្ឋានបានស្ម័គ្រចិត្ត ប្រគល់ទីតាំងឱ្យមន្ត្រី អាជ្ញាធរជាតិអប្សរាយកទៅរៀបចំធ្វើជាទីលានបដិសណ្ឋារកិច្ចធ្វើជាសួនច្បារ កែប្រែឱ្យមានសោភ័ណភាពនិងបរិស្ថានល្អព្រមទាំង រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្តឱ្យកាន់តែមាន របៀបរៀបរយមក។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកដឹកនាំកម្លាំងចុះរុះរើតូបលក់ដូរនោះបានលេីកឡេីងថា អាជ្ញាធរមានគម្រោងនឹងរុះរើតូប និងភោជនីយដ្ឋានទាំងអស់ចេញពីបរិវេណមុខប្រាសាទអង្គរឱ្យអស់យ៉ាងយូរត្រឹមចុងខែសីហា ឆ្នាំ២០២០ខាងមុខ។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដដែលបញ្ជាក់ទៀតថាបើទោះបីជាយ៉ាងណាក៏ការរុះរើតូបទាំងនោះមិនបានបង្ខិតបង្ខំអាជីវករ ដែលជាម្ចាស់តូបទេ ក៏ប៉ុន្តែអាជ្ញាធរជាតិអប្សរានឹងប្រឹងប្រែងពន្យល់ឱ្យក្រុមអាជីវករទាំងនោះ បានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត ។
ជាមួយនឹងការរុះរើតូបលក់ដូរព្រមទាំងភោជនីយដ្ឋានទាំងនេះដែរ អាជ្ញាធរជាតិអប្សរាក៏កំពុងសាងសង់កន្លែងលក់ដូរថ្មី ដើម្បីប្ដូរជាមួយអាជីវករឱ្យទៅប្រកបរបរចិញ្ចឹមជីវិតតទៅទៀតដែលមិនឆ្ងាយពីកន្លែងចាស់ប៉ុន្មានទេ ។
ក្រុមអាជីវករ លក់ដូរវត្ថុអនុស្សាវរីយ៍ និងម្ចាស់ភោជនីយដ្ឋានជាច្រើនរូបបានបង្ហាញការស្ម័គ្រចិត្តជាបន្តបន្ទាប់ ក្នុងការយល់ព្រមរុះរើតូបរបស់ខ្លួន ហើយទទួលយកកន្លែងលក់ដូរថ្មី ។
អ្នកស្រី ម៉ោញ រតនា ម្ចាស់ហាងវត្ថុអនុស្សាវរីយ៍ដ៏ធំមួយមានប្រសាសន៍ថា អ្នកស្រីបានយល់ព្រមរុះរើហាងរបស់គាត់ដែលបានធ្វើសម្រាប់លក់ដូររយៈពេលជិត២០ឆ្នាំមកហើយនោះ ។ អ្នកស្រីបញ្ជាក់ទៀតថា អ្នកស្រីក៏ស្រឡាញ់ប្រាសាទអង្គរវត្ត ដូច្នេះការរុះរើតូបរបស់អ្នកស្រីដើម្បីប្រគល់ទីតាំងទៅឱ្យអាជ្ញាធររៀបចំធ្វើជាទីលានបដិសណ្ឋារកិច្ចធ្វើជាសួនច្បារកែប្រែឱ្យមានសោភ័ណភាពនិងបរិស្ថានល្អព្រមទាំង រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្ត ឱ្យកាន់តែមានរបៀបរៀបរយនោះ គឺអ្នកស្រីពេញចិត្តនិងចូលរួម ។
នេះជាលើកទី៥ ហើយ ដែលអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមស្ម័គ្រចិត្តជាមួយអាជ្ញាធរជាតិអប្សរា រុះរើតូបលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋានធំៗចំនួន២កន្លែងទៀតនៅបរិវេណមុខអង្គរវត្ត។
សូមជម្រាបថា ចាប់តាំងតែពី ថ្ងៃទី២ខែមករា រហូតមកដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ អាជីវករលក់ ដូរនៅមុខប្រាសាទអង្គរវត្ត បានចូលរួមជាមួយ អាជ្ញាធរជាតិ អប្សរាអនុវត្តន៍ការរុះរើភោជនីយដ្ឋាន ដែលមានសំណង់ធំៗ ចំនួន៤កន្លែងរួចមកហើយដូចជាភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នង ភោជនីយដ្ឋានផ្ទះបាយតានីខ្មែរអង្គរ និងហាង Spice Garden ជាដើម៕