(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចោទប្រកាន់មួយចំនួនថា ធនាគារបានទាមទារកម្រៃសេវាវាយតម្លៃអចលទ្រព្យសម្រាប់ធានាបំណុល ចំណាយប្រថាប់ត្រាមេធាវី ឬ សារការីលើកិច្ចសន្យាខ្ចីបរិភោគ និងចំណាយលើការចុះបញ្ជីបង្កើតហ៊ីប៉ូតែក ឬការដាក់បន្ទុកលើអចលនវត្ថុធានាបំណុល ពីអតិថិជនរបស់ធនាគារ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះបានបញ្ជាក់ថា ចំពោះការលើកឡើងខាងលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមបំភ្លឺជូនសាធារណជន បងប្អូនប្រជាកសិករ ម្ចាស់សហគ្រាស និងអតិថិជនទាំងអស់ជ្រាបថា ធនាគារនីមួយៗតែងមានគោលការណ៍ និងនីតិវិធីឥណទានរៀងៗខ្លួន ហើយគោលការណ៍ និងនីតិវិធីទាំងនេះមិនមានភាពខុសគ្នាច្រើនឡើយ។ ជាពិសេសពាក់ព័ន្ធនឹងការចំណាយនានាខាងលើ។
ចំពោះគោលការណ៍ និងនីតិវិធិឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រៅពីកាតព្វកិច្ចបង់ការប្រាក់ និងប្រាក់ដើម គឺមានតែចំណាយលើសោហ៊ុយទម្រង់ការ (ចំណាយលើសេវារដ្ឋបាលរបស់ធនាគារ) តែមួយប៉ុណ្ណោះ ដែលជាបន្ទុករបស់អតិថិជនត្រូវបង់មកធនាគារ ហើយដែលចំណាយនេះ មានចែងក្នុងកិច្ចសន្យាខ្ចីបរិភោគរវាងអតិថិជន និងធនាគារ។ ចំពោះការចំណាយផ្សេងទៀត ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមបញ្ជាក់ជូនដូចខាងក្រោម៖
១៖ ចំណាយវាយតម្លៃទ្រព្យសម្រាប់ធានាបំណុល៖ ជាបន្ទុកផ្ទាល់របស់អតិថិជន នៅពេលដាក់ពាក្យសុំខ្ចីបរិភោគ ហើយការចំណាយនេះ ត្រូវបង់ទៅក្រុមហ៊ុនវាយតម្លៃអចលនវត្ថុឯករាជ្យ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
២៖ ចំណាយប្រថាប់ត្រាមេធាវី ឬ សារការីលើកិច្ចសន្យាខ្ចីបរិភោគ៖ ជាបន្ទុកផ្ទាល់របស់អតិថិជន ហើយចំណាយនេះ ត្រូវដកចេញពីទឹកប្រាក់ឥណទានរបស់អតិថិជន ដើម្បីប្រគល់ទៅមេធាវី ឬសារការី។
៣៖ ចំណាយលើការចុះបញ្ជីបង្កើតហ៊ីប៉ូតែក ឬការដាក់បន្ទុកលើអចលនទ្រព្យធានាបំណុល ជាមួយស្ថាប័នពាក់ព័ន្ធជាបន្ទុកផ្ទាល់របស់អតិថិជន។
ការលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទាមទារកម្រៃសេវាវាយតម្លៃ ទ្រព្យសម្រាប់ធានាបំណុល ចំណាយប្រថាប់ត្រាមេធាវី ឬ សារការីលើកិច្ចសន្យាខ្ចីបរិភោគ និងចំណាយលើការចុះបញ្ជីបង្កើតហ៊ីប៉ូតែក ឬការដាក់បន្ទុកលើអចលនវត្ថុធានាបំណុល ពីអតិថិជនរបស់ធនាគារ គឺជាការលើកឡើងដោយភ័ន្តច្រឡំ យល់មិនបានច្បាស់លាស់ ពីការអនុវត្តជាធម្មតាក្នុងវិស័យធនាគារ ដែលអាចបង្កឱ្យសាធារណជន បងប្អូនប្រជាកសិករ ម្ចាស់សហគ្រាស និងអតិថិជនបាត់បង់ទំនុកចិត្ត លើធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង រាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែង ផ្តល់ឥណទានជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចរងផលប៉ះពាល់ពីជម្ងឺ កូវីដ-១៩។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមលើកទឹកចិត្តឱ្យសាធារណជន បងប្អូនប្រជាកសិករ ម្ចាស់សហគ្រាស និងអតិថិជនទាំងអស់ ទំនាក់ទំនងដោយផ្ទាល់មកធនាគារ ក្នុងករណីមានចម្ងល់ ឬ ចង់សាកសួរព័ត៌មានឥណទាន ឬ ការបង់កម្រៃសេវាផ្សេងៗដែលពាក់ព័ន្ធ ជៀសវាងការភ័ន្តច្រឡំជាយថាហេតុ។
ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចាត់ទុកថា អ្នកដែលលើកឡើងនោះ កើតចេញពីអ្នកមិនដែលខ្ចីលុយធនាគារ ឬអ្នកដឹងរឿងហើយ តែធ្វើមិនដឹង និងមានចេតនាមិនល្អចំពោះការអភិវឌ្ឍរបស់ធនាគារ។ ប្រសិនអ្នកធ្លាប់ពាក់ព័ន្ធក្នុងសេវាធនាគារ ដូចជាធ្លាប់ធ្វើការនៅធនាគារជាដើម ពិតជាដឹងច្បាស់អំពីបញ្ហានេះ៕