(ភ្នំពេញ)៖ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលជាង១ម៉ោង ធ្វើឲ្យចិញ្ចើមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២ នៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូ ដើម្បីបង្ហូរទឹកកុំឲ្យលិចចិញ្ចើមផ្លូវជាតិ។
ក្នុងសកម្មភាពចុះកាយសំរាម និងដី នៅមុខអណ្ដូងលូនេះ ឃើញទាំងមេទាំងកូនចៅ ចុះមូលជើងខោ លាត់ដៃអាវទាំងអស់គ្នា ក្រោយពីភ្លៀងធ្លាក់មួយមេនេះ។
គួរបញ្ជាក់ថា លោក ចេង មុនីរ៉ា តែងតែបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយសំរាម តាមមាត់លូ និងប្រឡាយ ក្នុងមូលដ្ឋាននៅរាល់ពេលភ្លៀងធ្លាក់ខ្លាំង។ បន្ទាប់ពីកម្លាំងចុះកាយសំរាមនោះ សង្កេតឃើញថា ទឹកហូរចូលតាមលូ មិនមានទឹកដក់លើផ្លូវទេ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ និងបងប្អូនដែលនៅជាប់មាត់លូ និងមាត់ប្រឡាយ សូមកុំចោលសំរាមកំទេចថ្ម ឬកាកសំណល់ផ្សេងៗ ពិសេសចានស្នោ ដបទឹកសុទ្ឋ តាមដងផ្លូវ មាត់លូ នាំអោយស្ទះពេលភ្លៀងមក បងប្អូនត្រូវទុកដាក់វិខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិដ្ឋាន និងសង្កាត់ ខណ្ឌរាជធានីយើងល្អ គ្មានសំរាម និងកាកសំណល់៕