(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោក គឹម សាវឿន អគ្គនាយករងនៃអគ្គ នាយកដ្ឋានសុខភាព សត្វផលិត នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារសហការជាមួយក្រុមហ៊ុន CP ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់ លោក ហោ ទ្រី ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងកសិដ្ឋានចិញ្ចឹមមាន់របស់លោក ឡុង ពិសិដ្ឋ ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក គឹម សាវឿន បានថ្លែងអរគុណដល់ម្ចាស់កសិដ្ឋាន ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូក មាន់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក គឹម សាវឿន បានបន្ថែមថា លោកនឹងខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលទៅលើផ្នែកច្បាប់ និងបង្កើនការផលិតអាជីវកម្មខ្នាតតូច មធ្យម ធំ ដើម្បីកាត់បន្ថយ ការនាំចូលសត្វពីប្រភពខាងក្រៅ និងបង្កើនការងារដល់ប្រជាពលរដ្ឋកាត់បន្ថយចំណាកស្រុកផងដែរ។
លោក ហោ ទ្រី បានលើកឡើងដែរថា កសិដ្ឋានរបស់លោកបានចិញ្ចឹមជ្រូកអស់រយៈពេល៤ឆ្នាំមកហើយ ដោយមានទ្រុងចំនួន៤ ដោយក្នុងមួយទ្រុងផ្ទុកបានជ្រូក៧០០ ហើយក្នុងមួយវគ្គមាន២៥សប្តាហ៍ គិតជាថ្ងៃរយៈពេល១៧៥ថ្ងៃ ទម្ងន់ជាមធ្យមមួយក្បាល ១០០គីឡូក្រាម។
ជាមួយគ្នានេះលោក ឡុង ពិសិដ្ឋ បានលើកឡើងដែរថា កសិដ្ឋានរបស់លោកបានចិញ្ចឹមមាន់ចំនួន ១៥,០០០ក្បាល ដោយចិញ្ចឹមយកពងដោយក្នុងមួយថ្ងៃអាចប្រមូលផល ពងបានចំនួន ១២,០០០ទៅ ១៣,០០០ពង ដោយពងមាន់ក្នុងមួយគ្រាប់លក់បានតម្លៃចន្លោះពី ២៨០រៀលទៅ ៣០០រៀលទៅតាមតម្លៃទីផ្សារ។
លោកបន្តថា ការផ្ដល់ចំណីដល់សត្វរបស់លោក មានលក្ខណៈស្តង់ដារអន្តរជាតិ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបចុកនោះទេ ហើយសត្វដែលបានយកមកចិញ្ចឹម ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងត្រឹមត្រូវ ដោយក្រុមបច្ចេកទេសស៊ីភី (CP) ដើម្បីចៀសវាងការឆ្លងជំងឺ។ ជាមួយគ្នានោះដែរលោកក៏បានសំណូមពរ ទៅដល់ប្រមុខរាជ រដ្ឋាភិបាលសូមមេត្តាជួយសម្រួលបញ្ចុះភ្លើង ដើម្បីឲ្យប្រជាកសិករមានការផលិតឲ្យមានតម្លៃទាប បើធៀបទៅនឹងប្រទេសជិតខាង៕