(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ១១៥គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាត ចំនួន២ភូមិ រួមមាន ភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លើកឡើងក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជា កំពុងតែរងគ្រោះនូវជំងឺនេះដែលនោះ។ លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និង ចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាពរស់នៅរបស់បងប្អូន៕