(កំពង់ចាម)៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ទិសដៅសំខាន់ៗដែលទទួលបានពីអគ្គស្នងការនគរបាលជាតិ និងត្រួតពិនិត្យការងារជំនាញ ក្នុងឆមាសទី១ ឆ្នាំ២០២០ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកចំការលើ, នាយការិយាល័យបុគ្គលិក, នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល, នាយការិយាល័យផ្សព្វផ្សាយអប់រំ, នាយការិយាល័យប្រឆាំងគ្រឿងញៀន, ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, អធិការ អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរំលឹក និងណែនាំឲ្យនគរបាលទាំងអស់នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយត្រូវស្មោះត្រង់ចំពោះអង្គភាព។ បន្ថែមពីនេះ ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជៀសឲ្យបាននូវការថ្នាំងថ្នាក់ជាមួយពលរដ្ឋ៕