(ស្វាយរៀង)៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពកំពង់ផែអូរស្មាច់ និងការស្តាទន្លេវ៉ៃគោ ដែលជាគម្រោងថវិការជាតិ ស្ថាបនាដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រវែង៦,៩៧៣ម៉ែត្រ។
បើតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ការកសាងកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពេលរួចរាល់ ទីតាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្ត ស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាម នៅថ្ងៃអនាគតផងដែរ។ ការស្ថាបនានេះបានចាប់បោះអាចម៍ដីពីផ្ទៃព្រែកបាន៦០% និងបូមដីល្បាប់ ស្តាបាតព្រែក បានប្រមាណ១០%។
សូមបញ្ជាក់ថា កំពង់ផែចាស់ ឬកំពង់ផែអូរស្មាច់នេះបានទុកចោលយូរហើយ អាជ្ញាធរខេត្តស្វាយរៀងកំពុងកែប្រែទីតាំងកន្លែងនេះឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ចត្រៀម ក្រោយ បញ្ចប់ពេលកូវីដ១៩។ គម្រោងកសាងកំពង់ផែ និងការស្តាទន្លេវ៉ៃគោនេះធ្វើឡើងរវាងនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនសហការ ជាមួយរដ្ឋបាលខេត្តស្វាយរៀង៕