Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ ការភ្ជាប់សេវាពិការភាព និងកិច្ចការពារកូវីដ១៩ ជាអាទិភាពចំបងសម្រាប់ស្ថាប័នរដ្ឋ និងវិស័យឯកជន

10-06-2020 10:11

(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការភ្ជាប់សេវាពិការភាព និងការពារកូវីដ១៩ ជាអាទិភាពចំបងសម្រាប់ប្រតិបត្តិករ ទាំងស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អង្គការជនពិការសរុបចំនួន៣៦អង្គភាព។

លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាព ក្នុងភាពជាដៃគូ រវាងនាយកដ្ឋានសុខុមាលភាពជនពិការ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលធ្វើការលើវិស័យពិការភាព ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការដែលធ្វើការពាក់ព័ន្ធវិស័យពិការភាព នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គមកិច្ច។

នាឱកាសនេះផងដែរ លោកបានសម្តែងនូវការកោតសរសើរចំពោះ នាយកដ្ឋានសុខុមាលភាពជនពិការ ដែលបានយកចិត្តទុកដាក់ ជំរុញការអនុវត្តការងារបច្ចេកទេសផ្នែកពិការភាព ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើការលើវិស័យពិការភាព ទាំង៣៦អង្គភាព ពិសេសក្នុងកំឡុងពេលនៃការរីករាលដាលកូវីដ១៩។

លោកបានបន្ថែមទៀតថា «យើងបានរួមគ្នាផលិត និងបោះពុម្ភផ្ទាំងរូបភាពអប់រំកូវីដ១៩ បានផលិតស្ពតវិទ្យុអប់រំកូវីដ១៩ ចំនួន០២សម្រាប់ជនមានពិការភាពភ្នែក និងស្ពតវីដេអូអប់រំចំនួន០៣ បានផ្សព្វផ្សាយតាមបណ្តាញសង្គម និងកំពុងរៀបចំចាក់ផ្សាយតាមទូរស្សន៍ Fresh News, BTV និងជាពិសេសបានបង្កើតក្រុមការងារឆ្លើយតបរហ័សសម្រាប់អន្តរាគមន៍ និងបានជួយបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ក្នុងកម្មវិធីសន្និសីទសាព័ត៌មានរបស់ក្រសួងសុខាភិបាល»

លោក ញ៉ឹក វណ្ណារ៉ា មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់សេវាទាំងរដ្ឋ និងសេវាដែលផ្តល់ដោយអង្គកាមិនមែនរដ្ឋាភិបាល នឹងជួយសម្រាលការលំបាករបស់ជនមានពិការភាព ទាំងកិច្ចការងារស្តារលទ្ធភាពពលកម្មកាយសម្បទា ឱកាសសេដ្ឋកិច្ចសម្រាប់ ជនមានពិការភាព ការថែទាំ និងសេវាផ្សេងៗទៀតដែលជាតម្រូវការរបស់ជនមានពិការភាព៕