(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោកយាយ កែ អេង រួមទាំងចៅស្រីទាំងពីរនាក់ មានទីលំនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួល អំណោយជាថវិកាពីលោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ១លានរៀល ដែលបានផ្ដល់ជូនលោកយាយ និងក្មួយស្រីទាំងពីរនាក់។ ថវិកាទាំងនេះត្រូវបានលោក សាយ សន្យា ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បាននាំយកទៅប្រគល់ជូនផ្ទាល់ដៃដល់លោកយាយ និងចៅស្រីទាំង២នាក់។
នៅព្រឹកថ្ងៃដដែល ក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកស្រីអនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុករលាប្អៀរ បាននាំយកអំណោយរបស់សាខាកាកបាទក្រហម រួមទាំងថវិកាមួយចំនួន ទៅផ្ដល់ជូនលោកយាយ និងក្មួយស្រីទាំងពីរនាក់ នៅឯលំនៅឋានរបស់លោកយាយផងដែរ។ អំណោយទាំងនោះរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ដែលមានមុង១ ភួយ១ ក្រមា១ សារ៉ុង១ និងថវិកាចំនួន១០ម៉ឺនរៀល។
នាឱកាសនោះលោក អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអភិបាលខេត្តកំពង់ឆ្នាំង ដែលតែងតែយក ចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសចំពោះលោកយាយ និងចៅស្រីទាំងពីរនាក់នេះ ដែលកំពុងតែរស់នៅជ្រកក្រោមខ្ទមស្លឹក ដែលមានដំបូល និងជញ្ជាំងលិចធ្លុះធ្លាយនេះ សុំឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យទៅលើលទ្ធភាព តើគួរត្រូវជួសជុល ឬធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់ រស់នៅបានសមរម្យ។
ដោយឡែកលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង និងលោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់លោកយាយ ដែលកំពុងមានជំងឺប្រចាំកាយ ដោយលោកបានបញ្ជាទៅបុគ្គលិកមណ្ឌលសុខភាព ឃុំទឹកហូត ឲ្យចុះជាបន្ទាន់ផងដែរ ដើម្បីទៅប្រឹក្សាពិគ្រោះជំងឺ ពាក់ព័ន្ធទៅនឹងអាការៈរោគរបស់លោកយាយ តាំងពីថ្ងៃម្សិលមិញ តើត្រូវព្យាបាលនៅនឹងផ្ទះរបស់លោកយាយ ឬក៏ត្រូវបញ្ជូនគាត់មកពិនិត្យព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ត។
បន្ទាប់ពីទទួលបាននូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់រួមទាំងថវិកា ដែលលោកយាយពុំធ្លាប់មានកន្លងមកនោះ លោកយាយ និងចៅស្រីទាំងពីរនាក់ បានលើកដៃប្រណមថែមទាំងបានបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាអស់លោកដែលជាម្ចាស់ទានទាំង អស់ឲ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនជារៀងរហូតតរៀងទៅ។
ពិសេសជាងនេះទៅទៀតនោះលោកយាយក៏មិនភ្លេចលើកដៃសំពះថ្លែងអំណរគុណនឹងប្រសិទ្ធិពរជ័យដល់លោកស្រី អ៊ូ ធីតាពៅ និងលោក គួច ចំរើន ដែលលោកទាំងពីរ បានធ្វើទានមកដល់រូបលោកយាយផ្ទាល់ ព្រមទាំងចៅស្រី ឲ្យបានហូបឆ្ងាញ់ និងមានថវិកាដើម្បីទិញសម្ភារសិក្សា និងសំលៀកបំពាក់សិស្ស ពិសេសគឺចៅស្រីរបស់លោកយាយ អាចមានលទ្ធ ភាពទិញកង់មួយគ្រឿង ដើម្បីដឹកគ្នាទៅសាលារៀន និងមិនពិបាកដូចមុនទៀតឡើយ បើទោះជាលោកទាំងពីរ រស់នៅសែនឆ្ងាយពីលោកយាយក៏ដោយ រីឯថវិកាទាំងអស់នេះ សល់ពីទិញសម្ភារសិក្សាឲ្យចៅ លោកយាយនឹងយកធ្វើជាដើមទុន ដើម្បីរកស៊ីបន្តដោះស្រាយជីវភាពទៅមុខទៀត។
ជាមួយគ្នានេះលោក សាយ សន្យា ក៏បានចេញលុយខ្លួនឯងទិញទូរស័ព្ទមួយគ្រឿងទុកជូនលោកយាយ និងចៅស្រីទាំង២នាក់ ដើម្បីងាយស្រួលតេទាក់ទងនៅពេលមានបញ្ហាអ្វីមួយផងដែរ៕