(កណ្តាល)៖ កម្លាំងនគរបាល ស្រុកកោះធំ ខេត្តកណ្តាល បានបន្តប្រតិបត្តិការ ចុះបង្ក្រាបករណីរក្សាទុក និងចែកចាយគ្រឿងញៀន២នាក់ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ព្រមទាំង ដកហូតថ្នាំ ប្រភេទម៉ាទឹកកកចំនួន២៨កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ដែលដឹកនាំការបង្ក្រាបផ្ទាល់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមមាន ទី១ឈ្មោះ ប្រាំង ភារៈ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោចក្រកាត់ដេរ រស់នៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ និងជនសង្ស័យទី២ ឈ្មោះ ឆុំ ស្រីមួយ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិប្រាកដ រស់នៅក្នុង ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយឡែក ជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនអស់។ លោកអធិការបានបញ្ជាក់ថា វេលាម៉ោង ប្រមាណ១២និង១៥នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ អធិការដ្ឋាន បានទទួលបានព័ត៌មានពី កម្លាំងសម្ងាត់មូលដ្ឋានថា មានការលួចជួញដូរ ចែកចាយ គ្រឿងញៀន ក្នុងចំការល្មុតចុងភូមិ ពេលនោះ កម្លាំងនគរបាលស្រុក និង កម្លាំង ប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី បានចុះទៅឡោមព័ន្ធទីតាំងខាងលើ រហូតឈានទៅឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ ត្រូវបានមន្រ្តី នគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកកោះធំ កំពុងសាកសួរ តាមនីតិវិធីច្បាប់។
អធិការនគរបាលស្រុកកោះធំ បានប្តេជ្ញានឹងធ្វើការបង្ក្រាបជាបន្តបន្ទាប់ ចំពោះករណី គ្រឿងញៀននៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ពីព្រោះបញ្ហាមួយនេះ បានធ្វើឲ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលតែម្តង៕