(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការការពារ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីសុវត្ថិភាពសុខភាព កម្មករនិយោជិត បើទោះជាស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែវាអាចនឹងប្រឈមនៅរលកទី២ ប្រសិនបើយើងមើលស្រាលស្ថានភាពនៃការរីករាលដាលនេះ។
ការលើកឡើងបែបនេះ នាឱកាសលោករដ្ឋមន្ត្រីអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដឹកនាំដោយលោក សាមសុន វ៉ុង អគ្គនាយក នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាជម្រាប ជូនលោកអំពីវិធានការនៃការការពារមេរោគកូវីដ-១៩ និងសមិទ្ធផលការងារដែលក្រុមហ៊ុនសម្រេចបាន ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំបន្ថែម ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ក្រុមហ៊ុន ឱ្យកាន់តែប្រសើរ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបញ្ជាក់ថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ក្នុងនោះរោងចក្រសហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សានានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្ករឱ្យមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។
អគ្គនាយករបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរាតត្បាតកូវីដ១៩នេះ ខាងក្រុមហ៊ុនបានធ្វើការជាមួយអ្នកជំនាញទាំងនៅក្នុងតំបន់ និងពិភពលោក លើសុវត្ថិភាព សុខភាពការងារ ធ្វើឱ្យការគ្រប់គ្រង ក្នុងគ្រាអាសន្នុមានភាពល្អប្រសើរ រួមទាំងការចែករំលែក និងផ្សព្វផ្សាយនូវវិធានការនានារបស់ក្រសួង ក៏ដូចជានិយាមអន្តរជាតិក្នុងសង្វាក់ផលិតកម្មដើម្បី ធានាសុវត្ថិភាពដល់បុគ្គលិក កម្មករនិយោជិត។
ក្រៅពីសុវត្ថិភាព សុខភាព ក្រុមហ៊ុន មិនមានការកាត់បន្ថយបុគ្គលិកណាមួយនោះទេ ខណៈការផលិតមានការធ្លាក់ចុះក្តី ដោយរក្សាការងារជូនបុគ្គលិក តាមរយៈការផ្ទេរការងារជូនពួកគាត់ ក៏ដូចជាឱ្យគាត់ចូលរួមក្នុងសកម្មភាពសង្គមដោយមិនធ្វើអ្វីឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់ឡើយ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមួយនេះ ដែលបានអនុវត្តស្តង់ដាការងារបានល្អ ជាពិសេសក្នុងដំណាក់កាលកូវីដនេះ ក្រុមហ៊ុនបានជួយដល់កម្មករ ដោយមិនកាត់ប្រាក់បៀវត្ស និងមានចំណុចល្អជាច្រើន ក្នុងការធ្វើឱ្យមានសុខដុមនីយកម្ម ក្រុមហ៊ុនមិនដែលបង្កឱ្យមានបញ្ហាកើតឡើងម្តងណាឡើយ ដោយផ្តើមចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងជាគំរូមួយ ក្នុងការដឹកនាំរបស់ក្រុមហ៊ុន ហើយយើងនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនដទៃទៀត អនុវត្តតាមផងដែរ។
លោក អ៉ិត សំហេង បានសម្តែងអំណរគុណដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារ និងកូវីដ១៩ ក្នុងប្រទេសកម្ពុជា បើទោះជារាជរដ្ឋាភិបាល មានការបិទការជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជាក៏នៅតែបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុននេះដែរ។
លោកបញ្ជាក់ថា រោងចក្រជាកន្លែងសុវត្ថិភាពសម្រាប់កម្មករ ជាពិសេស មានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជានៅកម្ពុជាមានភាពធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែនៅលើពិភពលោកនៅតែធ្ងន់ធ្ងរនៅឡើយ ព្រោះមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ មានតែអនុវត្តតាមវិធានអនាម័យដែលណែនាំដោយ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕