(ភ្នំពេញ)៖ ដើមត្រសេកធំមួយដើម ត្រូវបានបាក់សង្កត់លើរថយន្តមួយគ្រឿង ក្រោយពីមេឃភ្លៀងមួយមេធំ រួមជាមួយខ្យល់បោកបក់យ៉ាងខ្លាំង តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍ខ្យល់បក់បាក់ដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៖៤០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ចំណុចក្បែរផ្សារសូរិយាម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ១៥៨ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលយាមនៅគោលដៅ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានមេឃភ្លៀងធ្លាក់ រួមជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បានបង្កឲ្យខ្យល់បក់តោងដើមត្រសេកធំមួយដើម បណ្តាលឲ្យបាក់មែកធំ ធ្លាក់សង្កត់លើរថយន្តមួយគ្រឿងម៉ាក់ Rav4 ពណ៌ឈាមជ្រូក ពាក់លេខភ្នំពេញ 2G-5505 របស់អ្នកធ្វើដំណើរខណៈពេលកំពុងបើកបរតាមបណ្ដោយផ្លូវត្រសក់ផ្អែម ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបាក់សង្កត់តែម្តងបណ្ដាលឲ្យខូចខាត់ផ្នែកខាងមុខដំបូលបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីបាក់ដើមត្រសេក នៅចំណុចកើតហេតុខាងលើរួមមក លោកក៏បានបញ្ជាកម្លាំង គណៈបញ្ជាការឯកភាព ចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសាលារាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញចុះមកកាត់ដើមឈើយកចេញដើម្បីចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ៕