Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: អ្នកពុលស្រាថ្នាំនៅខេត្តបន្ទាយមានជ័យ ស្លាប់កើនដល់៤នាក់ និង១១នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ, សមត្ថកិច្ចកំពុងស្រាវជ្រាវប្រភពស្រានេះ (Video inside)

10-06-2020 16:25

(បន្ទាយមានជ័យ)៖ ចំនួនអ្នកពុលស្រាថ្នាំតាំងគួយ នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួន១៥នាក់ ក្នុងនោះ៤នាក់ស្លាប់ និង១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចរកឃើញអ្នកផឹកស្រាថ្នាំតាំងគួយនេះ ចំនួន៤ក្រុម ដោយមានអ្នកខ្លះផឹកតាំងពីថ្ងៃទី០៧ ហើយខ្លះផឹកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

សមត្ថកិច្ចបានបន្ដថា ក្រុមទី១៖ នៅស្រុកម៉ាឡៃ ផឹកស្រាតាំងគួយ នៅថ្ងៃទី០៧ ខែមិថុនា មានគ្នា៤នាក់, ក្រុមទី២៖ នៅក្រុងប៉ោយប៉ែត ផឹកស្រានៅថ្ងៃទី០៨ ខែមិថុនា មានគ្នា៥នាក់, ក្រុមទី៣៖ នៅស្រុកម៉ាឡៃ ផឹកថ្ងៃទី០៧ ខែមិថុនា មានគ្នា៥នាក់ និងក្រុមទី៤ នៅស្រុកម៉ាឡៃ ផឹកស្រានៅថ្ងៃទី០៨ ខែមិថុនា មានគ្នា២នាក់។

បើតាមសមត្ថកិច្ច ករណីនេះសរុបត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋផឹកស្រាតាំងគួយ ចំនួន១៦នាក់ (ម្នាក់មិនពុល) ក្នុងនោះ៤នាក់ពុលស្លាប់ និង១១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

របាយការណ៍ដដែលបានបន្ដទៀតថា អ្នកដែលពុល និងស្លាប់ទាំងអស់ខាងលើផឹកស្រាចិនសែតាំងគួយ ហើយក្រុមអ្នកពុលស្រានៅម៉ាឡៃគឺទិញពី ឈ្មោះ ភា នៅភូមិដូង ស្រុកម៉ាឡៃ រីឯក្រុមផឹកនៅប៉ោយប៉ែត គឺទិញពីអ្នកលក់នៅផ្សារត្រី (មិនស្គាល់ឈ្មោះ)។ បច្ចុប្បន្ននេះ ជំនាញខេត្តកំពុងចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕