(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្តីពីមូលនិធិនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (YLP) ដើម្បីធ្វើការស្រង់ទន្និន័យរួមពីចំនួនកសិរដាំដុះបន្លែ ក្នុងបណ្តាស្រុក-ក្រុងទាំង៩ ដើម្បីអនុវត្តជំរុញលើវិស័យកសិកម្ម ជួយដល់សហគមន៍កសិករ ក្នុងការដាំដុះផ្គត់ផ្គងជីវភាពគ្រួសារ និងផ្គត់ផ្គងតម្រូវទីផ្សារ។
កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ និងមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង-ស្រុក នៅសាលប្រជុំ (សាលខ) សាលាខេត្តបន្ទាយមានជ័យ។
មូលនិធិនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់កសិករ ដែលប្រកបរបដាំដុះបន្លែ និងចិញ្ចឹមសត្វ សម្រាប់លើកម្ពស់ជីវភាពគ្រួសារ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ ពីប្រទេសជិតខាង ដោយផ្តោតសំខាន់លើការដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី។ ជាក់ស្តែង ដំណាក់កាលនៃការរាត្បាតជំងឺកូវីដ-១៩ ពិសេសពលករដែលទើបត្រលប់ មកពីប្រទេសថៃ គ្មានការងារធ្វើ អាចខ្ចីថវិកាពីមូលនិធិនេះបាន ដោយគិតការប្រាក់ទាបបំផុត ខុសពីធនាគារ និងមីក្រូហរិញ្ញវត្ថុនានា។
លោកបានថ្លែងថា មូលនិធិនេះ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយដល់អ្នកដែលគ្មានលទ្ធភាព គ្មានថវិកាក្នុងការប្រកបរបកសិកម្ម អាចខ្ចីធ្វើជាដើមទុន ពង្រីកមុខរបបន្ថែមតាមរយៈការ ដាំដុះបន្លែ និងចិញ្ចឹមសត្វ អាចខ្ចីបានមិនលើកពី ១០០០ដុល្លារអាមេរិក។ បើពលរដ្ឋខ្ចីច្រើនជាងនេះ អាចខ្ចីបានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយគិតការប្រាក់ទាបជាងធនាគា និងមីក្រូហរិញ្ញវត្ថុនានា។
លោកក៏បានជំរុញដល់ក្រុមការងារបន្តផ្សព្វផ្សាយពីមូលនិធិនេះ ដល់ប្រជាកសិក ពិសេសកន្លមកមានការបំផុសព័ត៌មានថា មូលនិធិនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម គិតការប្រាក់ខ្ពស់ជាងធនាគា និងមីក្រូហរិញ្ញវត្ថុនានា ដែលធ្វើឲ្យពលរដ្ឋមានការភ័ន្តច្រលំ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ជាមួយនឹងការលើកវិស័យកសិកម្ម ពិសេសផលិតផលដែលពលរដ្ឋផលិតបាន ដូចជាបន្លែបង្កាផ្សេងៗ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏កំពុងរៀបចំឲ្យមានផ្សារសហគមន៍ក្នុងទីរួមខេត្ត ដើម្បីជួយដល់ពលរដ្ឋ ដែលដាំដុះបានអាចយកមកលក់បាន ដោយផ្សារសហគមន៍នេះ ផ្តោតសំខាន់លក់ផលិតផល ដូចជា៖ បន្លែបង្កា ត្រីសាច់ គ្មានប្រើប្រាស់សារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ៕