(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការនឹងមិនចេញវិញ្ញាបនបត្រទទួលស្គាល់ជាដាច់ខាត សម្រាប់ក្រុមហ៊ុនម៉ៅការសាងសង់ណា ដែលសាងសង់ផ្លូវមិនមានគុណភាពត្រឹមត្រូវ តាមស្ទង់ដារបច្ចេកទេស។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអះអាងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ និងក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេស នៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តថា បើផ្លូវនោះពិនិត្យមិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ «សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង» ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំ តាមការដ្ឋានសាងសង់ទាំងអស់ក្រោម ដែនសមត្ថកិច្ចរបស់ក្រសួងនៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្រុមហ៊ុនម៉ៅការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ជិតដល់ពេលវេលាកំណត់ហើយ តែក្រសួងមិនទាន់អាចចេញវិញ្ញាបនបត្រ ឱ្យបាននោះទេ ដោយសារបន្ទាប់ពីចុះពិនិត្យតាមដានរួចមក ឃើញថាមិនទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេសដែលក្រសួងចង់បាន ដូចនេះហើយ ក្រុមហ៊ុនត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសិន ទើបក្រសួងអាចចេញលិខិតទទួលយកបាន។ ក្រុមហ៊ុនម៉ៅការសាងសង់ ក៏បានឯកភាព និងធ្វើឡើងវិញ ឱ្យបានត្រឹមត្រូវ និងជាប់រឹងមាំតាមការចង់បានរបស់ក្រសួងសាធារណការចង់បានផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានឱ្យគូសបញ្ជាក់ទៀតថា សម្រាប់គម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល) បានសិក្សារួចរាល់ និងកំពុងតែរង់ចាំ ភាគីចិនសម្រេចតែប៉ុណ្ណោះ។ មួយទៀតនោះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ក៏ត្រូវបានសិក្សាចប់សព្វគ្រប់ និងគ្រោងដាក់ដេញថ្លៃ នៅពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលឆ្លងកាត់ទៅកាន់ខេត្តកំពង់ធំឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញឱ្យគោរពច្បាប់ចរាចរណ៍ កុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ កុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងបានអំពាវនាវបងប្អូនប្រជាពលរដ្ឋយករថយន្តទៅឆៀកបើដល់ពេលត្រូវឆៀក ទៅប្ដូរពន្យារប័ណ្ណបើកបរបើហួសសុពលភាព និងពាក់ខ្សែក្រវ៉ាត់ពេលបើបររថយន្ត ពាក់មួកសុវត្ថិភាព កុំបើកបរក្រោមឥទ្ធិផលគ្រឿងញៀន និងគ្រឿងស្រវឹង ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងដើម្បីជៀសវាង ការផាកពិន័យនានា។
សូមជម្រាបថា គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ មានប្រវែងសរុប ១៦៤គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ហើយគម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។ រហូតមកដល់បច្ចុប្បន្ននេះកំណាត់ផ្លូវនេះ សាងសង់រួចរាល់បានប្រមាណ៨០%ហើយ៕