(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើទីម័រខាងកើតពិនិត្យលទ្ធភាពក្នុងការនាំអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន ខណៈកម្ពុជាបានត្រៀមអង្ករប្រមាណ ៣ម៉ឺនតោនសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
សំណើរបស់លោក ប៉ាន សូរស័ក្ត បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
ប្រទេសទីម័រខាងកើតជាទីផ្សារថ្មីមួយទៀតសម្រាប់អង្កររបស់កម្ពុជា ដែលកម្ពុជាបាននិងកំពុងប្រឹងប្រែងក្នុងការចរចាជាមួយរដ្ឋាភិបាលទីម័រខាងកើត។ លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានអះអាងថា នៅពេលនេះប្រទេសខ្លួនកំពុងមានបញ្ហាផ្នែកនយោបាយ។ នៅពេលបញ្ហានយោបាយនេះ ត្រូវបានដោះស្រាយបញ្ចប់ នឹងពិនិត្យលទ្ធភាពនាំអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន។
លោក ប៉ាន សូរស័ក្តិ បានអះអាងថា អង្ករកម្ពុជាប្រមាណ ៣ម៉ឺនតោន បានត្រៀមរួចរាល់ហើយ សម្រាប់ទីម័រខាងកើត។ លោកស្នើទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្តល់ដំណឹងមកកម្ពុជាពេលបញ្ហាត្រូវបានដោះស្រាយរួចរាល់នោះ។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឱ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
លោក ប៉ាន សូរស័ក្តិ ក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត មកបើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ៕