(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងបានរៀបចំដាក់ប្រព័ន្ធធនាគារឯកជន នៅព្រលានយន្តហោះ សម្រាប់ជនបរទេស ដែលតម្រូវឲ្យតម្កល់លុយទុកចំនួន៣ពាន់ដុល្លារ សម្រាប់ចំណាយផ្សេងៗ ដូចជាទៅលើការធ្វើតេស្ត និងចត្តាឡីស័ក ពេលធ្វើដំណើរចូលមកកម្ពុជា។
ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការអនុត្តការងាររបស់មន្ត្រីចត្តាឡីស័ក និងទីតាំងយកសំណាក ក្នុងព្រលានយន្តហោះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបន្តថា ការរៀបចំនេះ នឹងសម្រួលភាពងាយស្រួលដល់ជនបរទេស ពេលចូលមកកម្ពុជា សម្រាប់ថវិកានៅសល់ នឹងរក្សាទុកជូនពួកគាត់វិញ។ ដោយឡែកប្រជាជនខ្មែរយើង មិនតម្រូវតម្កល់ថវិកាដូចជនបរទេសនោះទេ។
លោកបន្តថា ក្រោមការសហការគ្នា ជាមួយសាលារាជធានីភ្នំពេញ, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍, អគ្គនាយកដ្ឋានគយ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវីល និងក្រុមការងារនៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ យើងនឹងបន្តធ្វើការងារជាហូរហែរទៀត ដើម្បីធ្វើយ៉ាងការពារ ទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ១៩ ចូលមកកម្ពុជា។
រដ្ឋមន្ត្រីថ្លែងបន្តថា «យើងមិនត្រូវរើសអើងជាតិសាសន៍ណាចូលមកកម្ពុជា បើពិនិត្យទៅមានកូវីដ យើងនឹងព្យាបាលគាត់ឲ្យជាសះស្បើយ ត្រលប់ទៅប្រទេសរបស់គាត់វិញ ដូចករណីអ្នកជំងឺកូវីដ១៩ ជាជនបទេសកន្លងទៅដូច្នេះដែរ។ ទន្ទឹមនឹងនោះ យើងឃើញហើយថា ជំងឺកូវីដ១៩ នៅកម្ពុជា សុទ្ធជាករណីនាំចូល ដូចនេះយើងនឹងខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា បើរកឃើញអ្នកវិជ្ជមានកូវីដ១៩ យើងនឹងចាប់ឲ្យជាប់ យកទៅព្យាបាល មិនឲ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះទេ»។
ជាមួយគ្នា រដ្ឋមន្ត្រីបានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្ដប្រុងប្រយ័ត្នខ្ពស់ និងកុំប្រារព្ធ ឬទៅកម្មវិធីជួបជុំណា ដែលមានមនុស្សច្រើន ចោទជាបញ្ហាបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ (COVID-19) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយមិនដឹងខ្លួន ព្រោះថាជំងឺកូវីដ១៩នៃ វាមិនទាន់បញ្ចប់នោះទេ នៅលើសកលលោក ចប់លុះត្រាតែមានវ៉ាក់សាំង និងថ្នាំព្យាបាល ។
រដ្ឋមន្ត្រីទទូចដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្ដការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពារ ទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលមានជារួម៖ ការអនាម័យដៃ និងខ្លួនប្រាណស្អាត, ប្រើម៉ាស ឬក្រមា នៅពេលចាំបាច់, រក្សាគម្លាតបុគ្គល និងសង្គម ជាពិសេស សូមកុំប្រារព្វពិធីជួបជុំណាដែលមានមនុស្សច្រើន ដែលអាចបង្កឱ្យមានការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមជម្រាបថា ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.២លាននាក់ ស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់។ សម្រាប់អ្នកជំងឺកូវីដ១៩នៅកម្ពុជា សរុប១២៦នាក់ ដោយគ្មានករណីស្លាប់ និងជាសះស្បើយ១២៥នាក់ នៅសល់អ្នកជំងឺម្នាក់ កំពុងសម្រាកព្យាបាល៕