Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសាធារណការ និងខណ្ឌដូនពេញ ផ្សព្វផ្សាយគម្រោងដាក់លូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋានតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ

10-06-2020 14:47

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងដាក់បណ្តាញលូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្ដោយតិរិវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨ ដល់ផ្លូវលេខ៩០។

ពិធីផ្សព្វផ្សាយនេះ ប្រារព្ឋធ្វើនៅសាលាខណ្ឌដូនពេញក្រោមវត្តមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការ JICA ក្រុុមហ៊ុនTOA Corporation រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ចំនួន១០០នាក់ចូលរួមផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី បានឲ្យដឹងថា គម្រោងដែលនឹងត្រូវជីកដាក់បណ្ដាញលូប្រអប់ទំហំ ២ម៉ែត្រ គុណ ២ម៉ែត្រ។ នេះជាផែនការនៅក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន។

លោក សុខ ពេញវុធ បានពន្យល់ដល់ប្រជាពលដ្ឋថា រដ្ឋបាលរាជធានីចង់បង្ហាញជាសាធារណៈពីផែនការយុទ្ធសាស្ត្រ និងប្លង់គោលកែលំអរប្រពន្ធ័លូ និងទឹកសម្អុយនៅរាជធានីភ្នំពេញ ដើម្បីរំដោះខ្លួនចេញពីការលិចលង់ដោយជំនន់ទឹកភ្លៀង។ ម៉្យាងទៀត យើងចង់ប្រមូលការពិគ្រោះយោបល់បានធាតុចូលឲ្យបានច្រើនដើម្បី យើងមានលទ្ធភាពក្នុងការដាក់ចេញគោលការចំទិសដៅ ដែលបានកំណត់ដើម្បីបន្ស៊ីគ្នា ។

សូមបញ្ជាក់ថា គិតពីឆ្នាំ២០០១មក ជប៉ុនបានផ្តល់ជំនួយឥតសំណងតាមរយៈអង្គការ JICA បានជួយលើការកែលំអរការការពារទឹកជំនន់ដល់រាជធានីភ្នំពេញតាំងពីជំហានទី១ ដល់ជំហានទី៤ ដែលកំពុងដំណើរការនាពេលនេះ ដែលតាមរយៈការកែលំអរប្រពន្ធ័លូជាបន្តបន្ទាប់នេះ អាជ្ញាធររាជធានីភ្នំពេញបានពិនិត្យឃើញថា ភូមិសាស្ត្រជាច្រើនក្នុងទីក្រុងដែលធ្លាប់តែលិចខ្លាំង បានកាត់បន្ថយមកលិចឆាប់ស្រក ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌ៤ នៅកណ្តាលក្រុង។

អាជ្ញាធរសង្ឃឹមថា នៅក្រោយឆ្នាំ២០២១ ភូមិសាស្ត្រកណ្តាលក្រុងភ្នំពេញ នឹងលែងលិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕