(តៃប៉ិ)៖ លោកស្រី Tsai Ing-wen ដែលមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នឹងក្លាយមេដឹកនាំអាណត្តិក្រោយ និងជាប្រធានាធិបតីស្ត្រីទីមួយ របស់កោះតៃវ៉ាន់ បន្ទាប់ទទួលបានជោគជ័យក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។
គណកម្មាធិការបោះឆ្នោតរបស់តៃវ៉ាន់ (CEC) បានឲ្យដឹងថា បក្សរបស់លោកស្រី Tsai ទទួលបានសំឡេងគាំទ្រ៥ ៦,១២ភាគរយ ចំណែកបក្ស KMT របស់លោក Eric Chu ទទួលបានសំឡេងគាំទ្រ ៣១,០៤ ភាគរយ ខណៈដែលបក្សរបស់លោក James Soong ទទួលបានសំឡេងគាំទ្រចំនួន ១២,៨៤ភាគរយ។
សូមជម្រាបថា ការទទួលបានសំឡេងគាំទ្រចំនួន ៥៦,១២ភាគរយ របស់លោកស្រី Tsai គឺជាចំនួនគាំទ្រខ្ពស់បំផុតកម្រិតទីពីរក្នុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់ ដោយក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨កន្លងទៅនេះ បក្ស KMT របស់លោក Ma Ying-jeou ទទួលបានសំឡេងគាំទ្ររហូតដល់ ៥៨,៤៤ភាគរយ។
ប្រភពដដែលបានឲ្យដឹងថា បក្ស DPP ទទួលបានអាសនៈចំនួន ៦៨ ក្នុងចំណោម ១១៣អាសនៈ ដែលចំនួននេះបានកើនឡើង ២៨អាសនៈបើប្រៀបធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០១២កន្លងទៅនេះ។ ចំណែកបក្ស KMT វិញបែរជាបាត់បង់អាសនៈដ៏ច្រើនលើសលុបរបស់ខ្លួនជាលើកដំបូង ដោយទទួលបានត្រឹមតែ៣៥អាសនៈប៉ុណ្ណោះ មានន័យថា បក្សនេះបាត់បង់ចំនួន ២៩អាសនៈ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២កន្លងទៅនេះ។
ស្ត្រីដែលនឹងក្លាយជាប្រធានាធិបតីទីមួយរបស់តៃវ៉ាន់រូបនេះ បានថ្លែងបន្ទាប់ពីជ័យជម្នះរបស់ខ្លួនថា «យើងនឹងបន្តបោះជំហានទៅមុខ និងកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើរដ្ឋាភិបាលបន្ថែមទៀត»៕