(ភ្នំពេញ)៖ គម្រោង USAID ព្រៃឡង់បៃតង ដែលជាគម្រោងមួយធ្វើការងារលើការលើកកម្ពស់ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា បានបន្ថែមថវិកាជាង ៨.៥១០ដុល្លារ ដើម្បីការពារសត្វត្រយ៉ងយក្សសហគមន៍អេកូទេសចរណ៍ នៅសហគមន៍ត្មាតប៉ើយ ដែលក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ពិធីចុះហត្ថលេខាប្រគល់ថវិកា សម្រាប់អភិរក្សសត្វកម្រនេះ បានធ្វើឡើងដោយគម្រោង USAID ព្រៃឡង់បៃតង និងអង្គការសន្សំម្លប់ព្រៃ ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែកការពារបរិស្ថាន និងសត្វព្រៃ តាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារសត្វព្រៃនៅក្នុងសហគមន៍ ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា។ 

លោកស្រី Veena Reddy នាយកបេសកកម្មទី ភ្នាក់ងារជំនួយអាមេរិក (USAID)ប្រចាំកម្ពុជា បានឲ្យដឹងថាការបង្កើតគម្រោងស្រូវសត្វត្រយ៉ងនេះឡើង គឺដើម្បីជាប្រយោជន៍ប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សការពារសត្វព្រៃ ព្រៃឈើ និងកាត់បន្ថយភាពក្រីក្រ។

លោកស្រី បានថ្លែងថា USAID មានសេចក្តីរីករាយក្នុងការបន្តការគាំទ្រធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ តាមរយៈការគាំទ្រដល់ផលិតកម្មស្រូវសរីរាង្គ មិត្តភាពសត្វព្រៃ និងសហគមន៍អេកូទេសចរណ៍ធម្មជាតិ។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូ និងអ្នកសារព័ត៌មានទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងសហគមន៍អេកូ ទេសចរណ៍នៅសហគមន៍ត្មាតប៉ើយ នៅថ្ងៃទី៩-១០ ខែមិថុនា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ អនុវត្គម្រោងឲ្យប្រជាសហគមន៍បង្កើតមុខរបរដូចជាបង្កបង្កើនផលស្រូវក្រអូបតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវដែលមានគុណភាព និងតម្លៃខ្ពស់ និងបង្កើតមុខរបរបម្រើដល់វិស័យអេកូ ទេសចរណ៍ ព្រមទាំងបណ្តុះបណ្តាលសហគមន៍ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្មនិងដំណាំរួមផ្សំផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានចំណូល បន្ថែមសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ និងបរបាញ់សត្វព្រៃ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ៕