(ភ្នំពេញ)៖ ស្ត្រីម្នាក់បានរងរបួសពកលើចិញ្ចើម និងរបួសស្នាមលើខ្លួន បន្ទាប់ពីស្ត្រីម្ចាស់ទីតាំងបាមួយកន្លែង និងប្ដីព្រួតវាយ ដោយដំបងឈើបុកប៊ីយ៉ា និងគ្រាប់ប៊ីយ៉ា។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីតាំងបាមួយកន្លែងយីហោ ROMANTIC BAR នៅតាមផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានត្រលប់មកពីដឹកឥវ៉ាន់ ដែលលក់អនឡាញឲ្យគេវិញ នៅសល់មួយកញ្ចប់ទៀតរបស់ភ្ញៀវបរទេស ដែលគាត់នឹងមកផឹកនៅក្នុង Bar កើតហេតុខាងលើនោះដែរ ទើបឲ្យនាងមករងចាំមុន លុះពេលមកដល់រូបនាងបាន អង្គុយលេងជាមួយស្ត្រីម្នាក់ដែលជាមិត្តភ័ក្តរបស់នាង និងជាបងប្អូនជីដូនមួយម្ចាស់ហាងផងដែរ។

លុះពេលអង្គុយបានមួយសន្ទុះ រូបនាងក៏បានសុំលេងបុកប៊ីយ៉ា ជាមួយភ្ញៀវបរទេសស្បែកខ្មៅ៣នាក់ ដែលបានចូលមកហូបចុក និងលេងបុកប៊ីយ៉ា ក្នុងទីតាំង Bar ខាងលើនោះ រហូតមកទល់វេលាម៉ោងជិត២រំលងអាធ្រាត្រ យប់ថ្ងៃដដែល។ មិនដឹងថា មានរឿងអ្វីឡើយស្រាប់ តែក្រុមបុរសបរទេសស្បែកខ្មែរនោះ បាននិយាយថា លេងភ្នាល់ដាក់លុយ តែរូបនាងថា មិនមានលុយទេ តែបើសិនជារូបនាងឈ្នះអ្នកលេងជាមួយនាង នឹងចេញថ្លៃស្រាឲ្យ ហើយបើនាងចាញ់នាងជួយទិញស្រា ហ្គីណេស៤ដបជូនវិញ ទើបភាគីខាងបុរសស្បែកខ្មៅ ដែលជាភ្ញៀវយល់ព្រមលេង បុកប៊ីយ៉ាជាមួយនាង។

ក្រោយមកក្រុមបុរសជនជាតិស្បែកខ្មៅ ក៏លេងចាញ់នារីរងគ្រោះ ស្រាប់តែបុរសស្បែកខ្មៅម្នាក់ ដែលជាមិត្តភ័ក្តអ្នកដែលលេងបុកប៊ីយ៉ាចាញ់នាង កំពុងអង្គុយលើកៅអី និយាយមើលងាយរូបនាង និងប្រមាថរូបនាង ថាជាស្រីមិនល្អ ធ្វើឲ្យនាងខឹងយ៉ាងខ្លាំង។ នាងក៏តបវិញដោយមិនគួរណាមើលងាយរូបនាង ដូច្នេះឡើយទើបបុរសស្បែកខ្មៅនោះ បានអង្គុយជក់បង្ហុយផ្សែងធ្វើប្រងើយ ហើយបម្រុងងើបដើរមករកនាង តែនាងដឹងខ្លួនទាន់ក៏គេចចេញបានបន្តិច ក៏ស្រវាបានសម្ភារនៅលើតុ រួចក្រវាសការពារខ្លួន រហូតឈានដល់ប្រតាយប្រតប់គ្នាឡើង និងមានភាគីខាង ភ្ញៀវបរទេសស្បែកខ្មៅមិត្តភ័ក្ដិរបស់ពួកគេ ចុះមកជួយឃាត់ដែរ។

ដោយសារតែខឹងនឹងសម្ដី ប្រមាថមើលងាយរូបនាងខ្លាំងពេក នាងក៏ទាញគ្រាប់ប៊ីយ៉ា រត់សំដៅទៅគប់បុរសស្បែកខ្មៅរូបនោះ តែស្ត្រីម្ចាស់ហាង និងប្ដី មកចូលស្រែកផ្អើលឆោឡោ ថានាងរករឿងភ្ញៀវរបស់ខ្លួនទៅវិញ។ ទើបនាងប្រាប់វិញថា នាងមិនឲ្យបុរសបរទេសណាមកបៀតបៀន លើរូបនាងបានឡើយ ដូច្នេះហើយនាងគ្រាន់តែការពារខ្លួនប៉ុណ្ណោះ ទើបឈានដល់កើតមានជម្លោះតែម្ដង។

ដោយសារតែកាន់ជើងកាន់ជើងភ្ញៀវហួសហេតុពេក ទើបធ្វើឲ្យស្ត្រីម្ចាស់ហាងកើតចិត្តខឹងសម្បារយ៉ាងខ្លាំង មិនដឹងថា មានគំនុំគុំកួនមកពីពេលណាទេ បែរជានាំគ្នាព្រួតវាយរូបនាង រួមទាំងបុរសជាប្ដីម្ចាស់ហាង បានមកវាយរូបនាងដែរនឹងដកកើម្ដងហើយម្ដងទៀត។ លើសពីនោះ ក៏បានយកគ្រាប់ប៊ីយ៉ា គប់មកលើរូបនាងទៀត បណ្ដាលឲ្យពកលើចិញ្ចើមថែមទៀតផង បង្កការភ្ញាក់ផ្អើលពេញក្នុង Bar ខាងលើ ហើយដេញនាងចេញក្រៅ ទើបនាងមកអង្គុយចាំខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានចុះមកសួរនាំផងដែរ។

ទោះយ៉ាងណាក្រុមគ្រួសារជនរងគ្រោះ សំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មានចំណាត់ការ និងផ្ដល់ភាពយុត្តិធម៌ ក្នុងករណីបង្ករបួសស្នាមបែបនេះ ខណៈគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ ពីម្ចាស់ហាង ROMANTIC BAR ដែលរងការចោទប្រកាន់បែបនេះ៕