(ស្វាយរៀង)៖ អ្នកខេត្តស្វាយរៀង មានមុខម្ហូបចំនួន៥មុខ ដ៏ពេញនិយមតាំងពីដើមរៀងមក ដែលតែងតែត្រូវបានចម្អិនសម្រាប់គ្រួសារ និងចម្អិតនៅក្នុងកម្មវិធីតូច ឬធំ តាមបណ្តាតំបន់នានាក្នុងខេត្ត សម្រាប់ទទួលភ្ញៀវផងដែរ។ ម្ហូបទាំង ៥នោះ រួមមាន៖ សម្លកកូរកណ្តៀង, សាច់ជ្រូកលីងជ្រក់សណ្តែក, ផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម បន្លែពពាយ, ជ្រក់ត្រាវ ត្រីអាំង និងបបរបាញ់កាញ់។
អ្នកប្រកបរបរលក់បាយ និងសម្ល នៅតាមអាហារដ្ឋាន នៅក្នុងក្រុងស្វាយរៀង បានឲ្យដឹងថា សព្វថ្ងៃនៅកន្លែងអាហារដ្ឋានរបស់គាត់ មានលក់មុខម្ហូបជាច្រើនមុខតែភ្ញៀវភាគច្រើននិយមបរិភោគមុខម្ហូប សម្លកកូរកណ្តៀង ដែលជាម្ហូបរបស់ពលរដ្ឋខេត្តស្វាយរៀងចូលចិត្ត ហើយក៏ជាមុខម្ហូបប្រចាំខេត្តផងដែរ។ មួយវិញទៀត ភ្ញៀវទាំងនោះ ក៏មិនភ្លេចសាច់ជ្រូកលីងជ្រក់សណ្តែក ដែលមុខម្ហូបនេះក៏ល្បីខ្លាំណាស់ដែរ ក្នុងកម្មវិធីជប់លៀង ពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ ពោលតែងតែមានវត្តមានមុខម្ហូបនេះ ដាក់នៅតាមតុជានិច្ច ជាពិសេសតាមអាហារដ្ឋាន ភ្ញៀវតែងតែសួររកមុខម្ហូបនេះរហូតផងដែរ។
អាជីវករដដែល បានបន្តថា មុខម្ហូបមួយទៀត គឺផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម បន្លែពពាយ។ ចំពោះផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម សម្រាប់អ្នកស្វាយរៀង ក៏ជាម្ហូបប្រចាំសម្រាប់ខេត្តដែរ ហើយសម្បូរនៅរដូវវស្សា និងក្រោយរដូវវស្សាប៉ុណ្ណោះ។ ចំណែកជ្រក់ត្រាវ ក៏គេមិនចោលផងដែរ ព្រោះជ្រក់ត្រាវគេតែងតែយកតប់ជាមួយត្រីអាំងគ្រប់ប្រភេទ ដែលបង្ហាញឲ្យដឹងថា ជាម្ហូបស្វាយរៀង។
ម្យ៉ាងវិញទៀត បបរបាញ់កាញ់ក៏ជាអាហារមួយសម្រាប់អ្នកខេត្តស្វាយរៀង ដែលគេតែងតែឃើញយកអាហារនេះ មកធ្វើក្នុងកម្មវិធីបុណ្យគ្រប់ប្រភេទ និងទទួលភ្ញៀវ ក្នុងពិធីហែរជំនួន និងពិធីឡើងផ្ទះជាដើម។
ឃើញមុខម្ហូបទាំង ៥មុខខាងលើនេះហើយ គេអាចសម្គាល់ដឹងថា ជារបស់អ្នកខេត្តស្វាយរៀង ព្រោះថាភាគច្រើនសម្រាប់អ្នកខេត្តនេះចូលចិត្ត និងពេញនិយមខ្លាំងពេលមានរវល់ម្តងៗ មិនថាកម្មវិធីតូច ឬធំនោះទេ។
ទោះយ៉ាងណាក្តី នេះគ្រាន់តែជាការចូលចិត្តមុខម្ហូបទាំង៥មុខ ពីពលរដ្ឋខេត្តស្វាយរៀងតែប៉ុណ្ណោះ។ ចំណែកអ្នកខេត្តដទៃទៀត បើចង់ភ្លក់រសជាតិមុខម្ហូបទាំងនេះ អាចហូបបានដោយផ្ទាល់នៅខេត្តស្វាយរៀង តាមអាហារដ្ឋាននានាក្នុងខេត្ត ពិតជាមានវត្តមានម្ហូបទាំង៥មុខនេះ ដាក់លក់ជាក់ជាមិនខានឡើយ៕